ផ្ទះចំនួន៩២ខ្នងនៅ​ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់

AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — ប្រភពព័ត៌មានស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន៩២ខ្នង សាលាឃុំ១ខ្នង សាលារៀន១ខ្នង បានរងការខូចខាតដោយសារ​តែរន្ទះបាញ់ និងខ្យល់កន្ត្រាក់ ដែលបានវាយប្រហារចំលើមូលដ្ឋានមួយចំនួនរបស់ស្រុកថ្មពួក​ស្រុកអូរជ្រៅ និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០១៩នេះ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ ឱ្យ​កាលពីព្រឹកថ្ងៃទី០២ ខែឧសភា នេះថា ហេតុការណ៍នៃគ្រោះធម្មជាតិដែលមានភ្លៀងធ្លាក់ មួយមេលាយខ្យល់កន្ត្រាក់ផ្គររន្ទះដែលបានកើតឡើងចាប់ពី​​ក្បាលព្រលប់ ដល់ម៉ោង​៩ ​និង​០០​នាទី​យប់ថ្ងៃទី០​១ ខែឧសភា ឆ្នាំ​២០១៩នេះ ដោយបានបោកបក់ទៅលើតំបន់ខ្លះ​នៃស្រុក​ចំនួន​៣ ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ព្រះនេត្រព្រះ ​នេះបាន ​ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩២​ខ្នង ក្នុងនោះ​ខូច​ធ្ងន់​២៥​ខ្នង​សាលាឃុំ​១​ខ្នង សាលារៀន​១​ខ្នង និង​រន្ទះបាញ់​មនុស្ស​ស្លាប់​១​នាក់​។

លោកបានឱ្យដឹងថា ក្រោយពេលកើតហេតុគ្រោះធម្មជាតិនេះភ្លាមអាជ្ញាធរដែនដីរួម​នឹងក្រុមការងាកងកម្លាំងប្រដាប់អាវុធបានអន្តរាគមន៍ចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅ​តំបន់រងគ្រោះដោយបានជួយធ្វើការជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រោមការជួយ​ឧបត្ថម្ភស័ង្កសីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិងមានជំនួយស្បៀងអាហារបន្ទាន់របស់កាកបាទក្រហមកម្ពុជាផងដែរ៕

ដោយ ឈុន សារ៉ាត