ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍​លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ — កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គ​បណ្ឌិត​សភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​​​ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​​ចក្រ​កម្ពុជា។ ពិធីនេះ ​បានប្រារព្ធឡើង នៅព្រឹកថ្ងៃ១២រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ឧសភា គឺដើម្បីអបអរសាទរខួបលើកទី​១៣៣ ដែលរក្សាបានសុខសន្តិភាព សេរីភាព សុវត្ថិ ភាពសង្គមធ្វើឱ្យម៉ាក្រូសេដ្ឋកិច្ច​មានការ​អភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអង្គភាពសេដ្ឋកិច្ចមិនអាចខ្វះបានក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច​ទៅកាន់​ក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដទៀតថា រាជរដ្ឋាភិ​បាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដើម្បីសម្រេចបាននូវការអភិវឌ្ឍ​ជាងពីរទសវត្សរ៍មកនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង។ ក្នុងនោះ កាលពី​ឆ្នាំ២០១៨ កម្ពុជាសម្រេចកំណើនសេដ្ឋកិច្ច៧.៥ភាគរយ ទៅលើវិស័យសំណង់ កាត់ដេរ ទេស​ចរណ៍ លក់ដុំ លក់រាយ និងគមនាគមន៍ ដែលកើតចេញពីកម្លាំងពលកម្ម ប្រកបដោយ​សក្តានុពល។ ទន្ទឹមនេះ ដោយឈរលើមូលដ្ឋានគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់​រាជ​រដ្ឋាភិ បាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា មានចំណូលមធ្យមនៅឆ្នាំ២០៣០ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាតួអង្គទទួលបាននូវ​ផលប្រយោជន៍រលូនជាងមុន ព្រមទាំងបានវាយតម្លៃចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបំពេញការងារកាន់តែប្រសើរ​ឡើង មានបរិមាណទំនិញកើនឡើង ២២.៨ភាគរយ កុងតឺន័រ កើន ១៧.៧ភាគរយ ធៀបឆ្នាំ២០១៧ តម្រូវឱ្យយើងត្រូវខិតខំជាប្រចាំ ព្រោះកំពង់ផែ ជាមាត់ច្រកធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច បើកចំហរ ដោយពង្រឹងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានបញ្ជាក់ថា ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺ​ជា​ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាព សេវា​កម្ម ពង្រឹងការប្រតួតប្រជែងប្រកបដោយប្រសិទ្ធភាព តម្លៃសមស្រប ពិសេសបង្កើន​នូវការ​ជឿជាក់ពីសំណាក់ក្រុមហ៊ុន ដឹកជញ្ជូន ក៏ដូចជាអ្នកប្រើប្រាស់សេវាកំពង់ផែ។ ឯកឧត្ដមបាន​បន្ដថា ផ្អែកលើកំណើនសេដ្ឋកិច្ច កំណើនទំនិញឆ្លងកាត់ផែ និងឈរលើ គោលនយោបាយ​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាលកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានចុះហត្ថលេខា​លើពិធីសារ និងកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានជាមួយរដ្ឋាភិបាលជប៉ុន លើគម្រោងសាង សង់ចំណតផែកុងតឺន័រថ្មី ក្នុងអំឡុងទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជានៅប្រទេសជប៉ុនកាលពីខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានេះ គម្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២០ និងបញ្ចប់នៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដែលមានទឹកប្រាក់សរុប២០៣លានដុល្លារអាម៉េរិក។ ឯកឧត្តមបានបន្ថែមថា តាមរយៈចំណតផែកុងតឺន័រថ្មី ជម្រៅទឹក១៤.៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុន​ធំ​ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយចំពោះជម្រៅទឹកសម្រាប់កំពង់ផែ​ត្រូវបាន​ដោះ​ស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight Cost) មានតម្លៃប្រ​ហាក់ប្រហែលនឹងប្រទេសផ្សេងៗក្នុងតំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបន្ដទៀតថា កំពង់​ផែស្វយ័តក្រុងព្រះសីហនុទទួលបាននូវការគាំទ្រពីររាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩ ដែលរាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទាន​សម្បទានសម្រាប់ស្តារ និងអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ប្រមាណ ៣៨២ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិនិយោគផ្ទាល់របស់កំពង់ផែប្រមាណ ២២លានដុល្លារអាមេរិក ៕

ដោយ ងូ សុមុនី