ប្រទេសកម្ពុជានឹងប្រារព្ធទិវាសេរីភាពសារពត៌មានពិភពលោកឆ្នាំ២០១៩ ជាមួយនឹងការជជែកពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩​ — ក្រសួងព័ត៌មាន ដោយមានកិច្ចសហការពីអង្គការយូណេស្កូ និងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៦នេះ នឹងប្រព្រឹត្តទៅក្រោម ប្រធាន​បទ៖ “តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ” ។ ភាគីពាក់ព័ន្ធជាច្រើន ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន តំណាងអង្គការ​​សហប្រជា​ជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។ល។ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រសន្តិភាព និងប្រជាធិប​តេយ្យ។ ទិវានេះ ជារៀងរាល់ឆ្នាំ នាថ្ងៃទី០៣ ខែឧសភា គឺជាថ្ងៃដែលគេប្រារព្ធ​គោលការណ៍​គ្រឹះនៃសេរីភាពសារព័ត៌មាន និងជាឱកាសមួយដើម្បីលើកទឹកចិត្ត និងបង្កើតគំនិតផ្តួចផ្តើម ដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការទទួល​បានព័ត៌មាន។ ជាមួយគ្នានេះ សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ នឹងរួម​ចំណែកលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាពប្រកបដោយ​ចីរភាព។ សម្រាប់ថ្ងៃទី០៣ ខែឧសភា ត្រូវបានប្រកាសជាទិវាសេរីភាព​សារព័ត៌មាន​ពិភព​លោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ បន្ទាប់ពីអនុសាសន៍ត្រូវ​បាន​​អនុម័ត​ឡើង នៅក្នុងសន្និសីទទូទៅរបស់អង្គការយូណេស្កូ លើកទី២៦ នៅឆ្នាំ១៩៩១។ នៅក្នុងឆ្នាំនេះ ការប្រារព្ធពិធីដ៏ធំ​ ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក នឹងប្រព្រឹត្ត​ទៅនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា។ ព្រឹត្តិ​ការណ៍ប្រហែល១០០ទៀត នៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា​នឹងបំពេញបន្ថែម​ការ​ប្រារព្ធពិធីដ៏ធំនេះផងដែរ។ លើសពីនេះទៀត សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក ក៏ជាថ្ងៃមួយដើម្បីរម្លឹកដល់រដ្ឋាភិបាល និងអ្នកសារព័ត៌មានអាជីពទាំងឡាយ អំពីបញ្ហាពាក់​ព័ន្ធនឹងសេរីភាពសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ នីកា