រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធភាពក្នុងការស្វែង រកប្រភពចំណូលផ្សេងៗពីឆ្នេរ ដើម្បីធានានិរន្តភាពក្នុងការគ្រប់គ្រងតំបន់ឆ្នេរ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យលើលទ្ធភាពក្នុងការ ស្វែងរកប្រភពចំណូលផ្សេងៗពីឆ្នេរ ដើម្បីធានានិរន្តភាពក្នុងការគ្រប់គ្រង និងថែទាំឆ្នេរសមុទ្រ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម នី ផល្លី អគ្គលេខាធិការ គ.អ.ឆ.ក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនៃគណៈ កម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ ព័ន្ធនានានៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។កិច្ចប្រជុំផ្តោតលើចំណុចសំខាន់ៗចំនួន២គឺ៖ ១- រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការ ពិនិត្យលើលទ្ធភាពក្នុងការស្វែង រកប្រភពចំណូលផ្សេងៗពីឆ្នេរ ដើម្បីធានានិរន្តភាព ក្នុងការគ្រប់គ្រង និងថែទាំឆ្នេរសមុទ្រកម្ពុជា។ ២- ពិនិត្យទីតំាងសម្រាប់រក្សាគ្រឿងចក្រ និងការផ្ទៀងផ្ទាត់និយាមការ និងការបាញ់ថ្នាំសម្រាប់កំណត់ទីតាំងសាងសង់តូបថ្មី ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រី អង្គភាពជំនាញត្រូវយកចិត្តទុក ដាក់ការគ្រប់គ្រងថែរក្សាបរិស្ថាន អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីទាក់ទាញនូវកំណើនភ្ញៀវទេសចរមកកម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុឱ្យមានការកើនឡើង ហើយប្រភពចំណូលយើងនឹងអាចទាញយកមកពីវិស័យទេសចរណ៍គ្មានផ្សែង ពិសេស ថែមទៀតជួយបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយនូវភាពក្រីក្រ បង្កើនសេដ្ឋកិច្ចជាតិ និងសង្គមកាន់តែល្អប្រសើរតាម រយៈវិស័យទេសចរណ៍គ្មានផ្សែងនេះ៕

ដោយ ងូ សុមុនី