នាវាទេសចរណ៍យក្ស GENTING DREAM នាំភ្ញៀវទេសចរបរទេសជិត ៥.០០០នាក់ ចូលចតកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៥.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលមួយថ្ងៃ។

តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវា GENTING DREAM  មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧ម៉ែត្រ ជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលតាម ច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ៣.១៩២នាក់ ស្រី ១.៧០០នាក់ មាន ៣០សញ្ជាតិ និងមាននាវិកសរុបចំនួន ១.៧៣៣នាក់ ស្រី ៥២១នាក់ មាន ៣៤សញ្ជាតិ។

នាវា GENTING DREAM  បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេស MALAYSIA  ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍យក្ស  GENTING DREAM មានសញ្ជាតិច្រើនជាងគេមានដូចជា Singapor ៩១៤នាក់  India ៥៩២នាក់ Malay ៤៩៥នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។   ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តតាមតំបន់ រមនីយដ្ឋាននានា ក្នុងខេត្តតំបន់ឆ្នេរ ទីប្រជុំជនផ្សារ និងតំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមរម្លឹកថា នេះជានាវាទេសចរណ៍យក្សធុនធំជាងគេ ដែលបាននាំភ្ញៀវទេសចរជិត ៥.០០០នាក់ ចូលមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដែលកន្លងមកមាននាវាប្រវែងតិចជាង ៣០០ ម៉ែត្រ ហើយភ្ញៀវទេសចរត្រឹមជាង ៣.០០០នាក់ សង្ឃឹមថា កំពង់ផែសមុទ្រ ខេត្តព្រះសីហនុនឹងទទួលនាវាទេសចរណ៍ធុនយក្សបែបនេះបន្តទៀត៕

ដោយ ងូ សុមុនី