កម្ពុជានឹងមានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វទំហំលើផ្ទៃដី១០០ ហិកតានៅខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩​ — គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វទំហំលើផ្ទៃដី១០០ ហិកតា មានទំហំវិនិយោគសរុប៧០លានដុល្លារអាម៉េរិក នឹងត្រូវកសាងនៅខេត្តសៀមរាប។ គម្រោង នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជានិងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិកដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យាន សមុទ្រនៅទូទាំងពិភពលោក។

ចំពោះទំហំវិនិយោគសរុបរបស់សម្រាប់គម្រោងនេះ​មាន៣​ដំណាក់កាល នឹងមានចំនួនស្មើនឹង ៧០លានដុល្លារសហរដ្ឋអាមេរិក​ដោយការចំណាយក្នុង​ដំណាក់កាលដំបូងស្មើនឹង១៨លានដុល្លារសហរដ្ឋអាមេរិក។ ការសាងសង់ក្នុងដំណាក់កាលទី ១ នឹងប្រើពេល២ឆ្នាំ ដោយមានការបើកការដ្ឋាននៅក្នុងខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់ត្រឹម​ខែឧសភា ឆ្នាំ២០២១។ គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្ស​សត្វនឹង​ក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាបនៅលើផ្ទៃដី១០០ហិកតា។សម្រាប់ គោលដៅរបស់គម្រោងនេះ គឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២ បន្ទាប់ពី អង្គរវត្ត។ នេះបើតាមការលើកឡើងរបស់ លោក Roger R. Reynolds សមាជិកក្រុមប្រឹក្សា ភិបាល និងប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមក្នុងពិធីបើកសម្ពោធការ ចាប់​ផ្ដើមការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ផ្ទះលេខ៩៦ មហាវិថី ព្រះនរោត្ដម រាជធានីភ្នំពេញ។ លោក Roger R. Reynoldsបានបន្ថែមថា គម្រោងនេះគឺមាន​ច្រើនលើសពីត្រឹមជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទៀត។ ជាមួយគ្នានេះ ក្រុមលោកនឹង​កសាង​ជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោក ក្នុង​តំបន់អាស៊ី មិនថាពួកគេជាពូជសង្រ្គោះ ឬបង្ឃាំងទុកនោះទេ។ លោកបានបន្ថែមថា គម្រោង​នឹង​មាន​សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរដែលភ្ញៀវ​អាច​ដើរ​​កម្សាន្ដ ទិញទំនិញ ឬរីករាយទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកមួយចំនួន។

ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការធ្វើពិពិធ​កម្មផលិតផលនិងសេវាកម្មទេសចរណ៍ប្រកបដោយច្នៃប្រឌិត និងប្រកបដោយភាពច្នៃប្រឌិត និងគោលដៅទេសចរណ៍គឺជាបេសកកម្មយុទ្ធសាស្រ្តសំខាន់របស់យើងដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបាន​លើក​ឡើងទៀតថា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់វិស័យទេសចរណ៍ថាជា “មាសបៃតង” និងជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍ​សេដ្ឋ កិច្ចសង្គមនៅក្នុងប្រទេសដែលបានរួមចំណែក១២.៧ភាគរយ ចំពោះផលិតផលក្នុងស្រុក សរុប និងបង្កើតការងាររាប់សែនការងារនិងឱកាសរកស៊ី។ ទន្ទឹមនេះ នឹងនាំមកនូវមាត្រដ្ឋាន​នៃការ​វិនិយោគ​ទាំងស្រុងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សេវាកម្មស្តង់ដារ និងគុណ ភាព។ គម្រោងនេះ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រការការពារបរិស្ថាន និងការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដមឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​បានឱ្យដឹងទៀត​ថា គម្រោងនេះ ជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាម៉េរិក នៅកម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយនេះគឺជាអ្វីដែលយើងត្រូវអបអរ និងទទួល​ស្គាល់។ ឯកឧត្តមបានបន្ដទៀតថា ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋាន ត្រីទឹក​សាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរណ៍ថ្នាក់ពិភពលោក ។

ជាមួយគ្នានេះ គម្រោង Angkor Wildlife &Aquarium គឺជាវិធីដ៏ប្រពៃមួយសម្រាប់ឱ្យ​ក្រុមគ្រួសារ ចំណាយពេលវេលាជាមួយគ្នា នៅទឹកដីសៀមរាប។ ជលវប្បដ្ឋាននេះ នឹងបន្ថែម​នូវបទពិសោធន៍សម្រាប់គ្រួសារ ចូលទៅក្នុងបញ្ជីនៃគោលដៅដែល «ត្រូវទៅមើល» នៅខេត្ត​សៀមរាប ជាពិសេសវានឹងលើកទឹកចិត្តឱ្យអ្នកទេសចរស្នាក់នៅរយៈពេលយូរ ហើយបង្កើន​ចំណូលទេសចរណ៍។ គម្រោងនេះ តំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុង​ប្រទេសកម្ពុជាមួយ ដែលមានសុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និងសន្តិសុខ។

ឯកឧត្ដមបានចាត់ទុកការវិនិយោគនេះថែមទាំងជាគំរូដ៏ប្រពៃមួយ ហើយកាលណា​ច្បាប់ទម្លាប់ មានភាពច្បាស់លាស់ ហើយដំណើរការលទ្ធកម្មមានភាពបើកចំហប្រទេស​កម្ពុជា មិនចាំបាច់ធ្វើការជ្រើសរើសដៃគូមួយណាៗនោះទេ តែតាមពិតទៅអាចទទួលបានប្រយោជន៍ ពីទំនាក់ទំនងជាមួយដៃគូច្រើន ដើម្បីទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រទេស និងប្រជា ជនកម្ពុជា។ ក្នុងករណីនេះ ប្រទេសកម្ពុជាទទួលបានតម្លៃបន្ថែមលើគោលដៅទេសចរណ៍ ដ៏ប្រពៃដែលមានស្រាប់។ លើសពីនេះទៀត សហរដ្ឋអាមេរិកឱ្យតម្លៃផងដែរនូវការអភិរក្ស បរិស្ថាន និងការអប់រំ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតស្តីទីការអភិវឌ្ឍនេះ មានភាពស្របឥតខ្ចោះ ជាមួយនឹងផលប្រយោជន៍ទាំងនោះ ហើយវាពិតជាទាក់ទាញឱ្យប្រជាជនកម្ពុជាចង់រៀន ថែម​ទៀត អំពីប្រព័ន្ធបរិស្ថាន អេកូឡូ ស៊ីដ៏សម្បូរបែបនៃមាតុភូមិរបស់គេ៕

ដោយ គង់ សិរីរ័ត្ន