សម្តេចប្រធានរដ្ឋសភាកម្ពុជា ចង់ឃើញកម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងកាន់តែល្អ ក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសវនាការជា​មួយលោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈពេលដែលលោកជំទាវបានដឹកនាំគណៈ​ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបសវនាការនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា រដ្ឋ​សភាកម្ពុជាចង់ឃើញរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា បន្តពិចារណារួមគ្នាថែម ទៀត គិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម ទេស ចរណ៍ អប់រំ ជាពិសេស វិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច។ សម្តេចពញាចក្រីបានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ា ជាប្រទេសភូមិផង ដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរព​ប្រណិ​បត្តិព្រះពុទ្ធសាសនាដូចគ្នា។ ជាមួយគ្នានេះ សម្តេចពញាចក្រី ក៏បានកោតសរសើរ​ចំពោះកិច្ច​សហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលកន្លងមក សភា​ប្រទេសទំាងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាច្រើនផងដែរ។ ក្រៅពីការផ្លាស់ប្តូរបទ​ពិសោធន៍ការងារនីតិកម្ម ក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា អាយប៉ា និងASEPជាដើម ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានជម្រាបជូនលោកជំទាវ អោង សានស៊ូជី ថា នៅ​ឆ្នំា​២០២០ ខាងនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ របស់អាសិប(ASEP) ដែលសភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ា នឹងអញ្ជើញមកចូលរួមផងដែរ ។
លោកជំទាវ អោង សានស៊ូជី បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក្រោយពីមានការបោះ​ឆ្នោតដោយសេរី បានធ្វើឱ្យប្រទេសជាតិមានការកែទម្រង់ និងបង្រួបបង្រួមជាតិ។ លោកជំទាវ បានលើកឡើងពីសារៈសំខាន់របស់រដ្ឋសភា ដែលជាកន្លែងតាក់តែងច្បាប់​និងការពារផល​ប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ដំណើរការ​ប្រជា​ធិបតេយ្យ។ ជមួយគ្នានេះដែរ លោកជំទាវក៏បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេច​អគ្គ​មហាពញាចក្រី ហេង សំរិន ដែលចង់ឃើញប្រទេសទំាងពីរ មានទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការគ្នាកាន់តែស៊ីជម្រៅ។

លោកជំទាវក៏បានលើកឡើងផងដែរថា នៅក្នុងជំនួប​ពិភាក្សា​ការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកជំទាវ និងសម្តេចតេជោ នាយករដ្ឋ​មន្រ្តីបានជជែកគ្នាជាច្រើនពីការពង្រឹង និងពង្រីកទំនាក់ទំនងខាងវិស័យវប្បធម៌។ លោកជំទាវ​បានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យ​កាន់តែរឹង​មាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការ​ចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ។ លោកជំទាវទីប្រឹក្សា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ចង់ឃើញប្រទេសទំាងពីរមាន​ទំនាក់ទំនងល្អ ក្នុងវិស័យទេសចរណ៍ អប់រំ ជាពិសេសលោកជំទាវចង់ឃើញឱ្យ​មានកិច្ចសហ​ប្រតិបត្តិការគ្នារវាងប្រាសាទអង្គរវត្តកម្ពុជា និងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរចំពោះជោគជ័យ នៃនយោបាយបង្រួប​បង្រួមជាតិ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ ដែលបានសម្រេចបានជាបន្តបន្ទាប់មកនេះ។ សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេស​មីយ៉ាន់ម៉ា ដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ ដល់សមណនិស្សិតកម្ពុជា ទៅបន្ត​ការសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចពញាចក្រីក៏បានស្នើសុំលោកជំទាវ ជួយគាំទ្រដល់​អ្នកវិនិយោគទុនកម្ពុជា ដែលបានទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ មាន​ប្រមាណ៣០ក្រុមហ៊ុន ៕

ដោយ ប៊ុនរិទ្ធ