ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២  ស​ម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនិវត្តន៍​ម​ក​ដល់​​កម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមជើងយន្ត​ហោះពិ​សេ​ស​ ប្រកបដោយសុវត្ថិភាព។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជន​ជា​ន់​​ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ក៏​មាន​វត្តមា​នក្នុងឱកាសនោះដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈ​ប្រតិ​ភូ​ជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពី​បាន​ចូ​លរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ ខែមេសា ឆ្នាំ២០១៩ ក្នុង​នោះ​ក៏មា​នជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី​ ខឺឈាង (Li Keqiang) ដែលប្រទេស ទាំងពីរបានចុះកិច្ចព្រមព្រៀង ៦ ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោ​យ​ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគតតែ១។ តា​​មរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹង​មាន​ក្រុមហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេល​ដែ​លប្រទេសជាតិ កំពុងមានស្ថិរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើន​សេដ្ឋកិ​ច្ច​​រឹងមាំល្អ។ ខ្ញុំ សូមអរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា​រហូតមាន​កា​រ​រីកចម្រើនមកដល់សព្វថ្ងៃនេះ។  នៅថ្ងៃនេះផងដែរ សូមអរគុណមិត្តចិនដែលផ្តល់​ជំនួ​យ​​ជាង ៦០០ លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាឱ្យកាន់តែរឹងមាំ៕

ដោយ ជឹម ណារី