សម្ដេចតេជោ ហ៊ុន សែន ជួបក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ​របស់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — ក្នុងខ​ណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជាមានិតចិន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន​ថាមពលដើរ​ដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិនបាន ចូលជួបសម្ដែងការគួរសម​និងពិភាក្សា​ការងារ។

បើតាមការបញ្ជាក់របស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​មន្រ្តីបាន​ឱ្យដឹងក្រោយជំនួបនោះថា ក្នុងជំនួបនេះភាគីខាងក្រុមហ៊ុនថាមពលដើរដោ​យខ្យល់ និងពន្លឺ​ព្រះ​អាទិត្យរបស់ប្រទេសចិនបានជម្រាបជូនសម្ដេចតេជោ ថា លោកបានអញ្ជើញទៅកាន់​ប្រទេស​កម្ពុជា ហើយបានសិក្សាលម្អិតអំ​ពី​ស្ថានភាព នៃថាមពលនៅក្នុងប្រទេសកម្ពុជា ព្រមជាមួយគ្នានេះលោកក៏បានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពល​អគ្គិសនីដើរ​ដោយពន្លឺព្រះអាទិត្យ និងដើរដោយខ្យល់នៅពេលនេះបាន។ លោកបានបន្តថា ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះ Solar Panel គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការស​ហការជាមួយនឹងក្រសួងរ៉ែនិងថាមពលនិងអាជ្ញាធរអគ្គិសនីកម្ពុជា៕

ដោយ ជឹម ណារី