សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបក្រុមហ៊ុនសាជីវកម្ម សាងសង់ផ្លូវរថភ្លើង​របស់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំងនៃ សាធារណរដ្ឋ​ប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋ​​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងស​ង់ផ្លូវរថភ្លើងរបស់​ប្រទេសចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ប្រភពពី ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបនេះគឺបានពិភាក្សាដោយយក​ចិត្តទុក​ដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជា​និងខាងភាគីចិនបានសហការគ្នា​ដោយមានបំណងចង់ឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។​ នៅក្នុងជំនួបនេះក៏បា​នពិភាក្សាគ្នាជំរុញ​ធ្វើយ៉ាងណាឱ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិន​មួយច្បាស់លាស់ ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ា គិត ម៉េង ។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បា​​នណែនាំឱ្យឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិនដើម្បីនាំយកនូវ​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុង​ប្រទេសកម្ពុជាដើម្បីឱ្យ​ការដឹកជញ្ជូនផ្លូវដែកកាន់តែមា​នប្រសិទ្ធភាព។

ឯកឧត្តម ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុន​សាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនបានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន២១.០០០ គីឡូម៉ែត្រ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ ឯកឧត្តមក៏បានជម្រាប​ជូន​សម្ដេចតេជោបន្ថែមថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះ​ទេ ក៏ប៉ុន្តែអ្វីដែលក្រុមហ៊ុន​មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណង​ជួយជាតិកម្ពុជា និងជាការស​ហ​ការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏រីករាយ​ក្នុងការពិភាក្សាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal Ria​lw​ay របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យភាគីកម្ពុជា និងចិនធ្វើ​ការ​ងារនេះឱ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការដំ​ណើរ​ការរថភ្លើង៕

ដោយ ជឹម ណារី