សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលធនាគារចិន នៅទីក្រុងប៉េកាំង​ នៃសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ ក្រោមប្រធានបទ «កសាងអនាគត កា​ន់តែថ្កុំថ្កើងសម្រាប់ទាំងអស់គ្នា» នៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលរបស់​ធនាគារ​ចិន ដែលមានទីតាំងស្ថិតនៅទីក្រុងប៉េកាំង នៃសាធា​រណរ​ដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីថ្នាក់ដឹកនាំ នៃធនាគារចិនជាច្រើនរូប។ នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនោះ ថ្នាក់ដឹកនាំនៃធនាគារចិន​បានមាន​ប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលធនាគារចិន។ លោកប្រធានាធនាគារបាន​បញ្ជាក់ថា ធនាគារចិនមានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយមានជាង៦០សាខានៅ​ទូទាំងពិភពលោក និងមានបុគ្គលិកជាង៤សែននាក់។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍សម្ដែងនូវអំណរគុណសាជាថ្មី ម្តងទៀត ដែលធនាគារចិនបានអនុញ្ញាតឱ្យរូបសម្តេចបានទៅបំពេញទស្ស​ន​​​កិច្ចសារជាថ្មីម្តង​ទៀត នៅទីស្នាក់ការកណ្តាលរបស់ធនាគារចិន ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីរូបសម្តេច​និង​គណៈប្រតិភូធ្លាប់បានទៅបំពេញទស្សនកិច្ច កាលពីឆ្នាំ២០១៧។ សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយសារតែមានភាពរឹងមាំ នៃចំណងទាក់ទង​និងកិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរនោះហើយ ដែលបានជំរុញឱ្យបណ្តាធនាគារ និងក្រុម​ហ៊ុន​ចិនជាច្រើន បានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិ​សេ​ស​ទៅទៀតនោះ តាមរយៈ​​វត្ត​មានរបស់ធនាគារចិននេះហើយ ដែលជំរុញឱ្យក្រុមហ៊ុនចិនជាច្រើន បានទៅបណ្តាក់ទុនក្នុង​ ប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន វារីអគ្គិសនី រោងចក្រ សហគ្រាសតូច ធំ និងសមិទ្ធផលសង្គមដទៃទៀត។

បន្ទាប់ពីបានចំណាយពេលប្រមាណ២០នាទី ស្តាប់នូវការពន្យល់ពីហេចនាសម្ព័ន្ធរបស់ ធនាគារចិនរួមចក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើជាសាក្សី នៃពិធីចុះ​ហត្ថ​លេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាង​ធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខារវាង ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធាន​ធនាគារកាណាឌីយ៉ា ជាមួយនឹងតំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលចិន។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋប្រជាមានិតចិន បានភ្ជាប់​ទំនាក់​ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានដំឡើងទៅជា កិច្ចសហប្រតិបត្តិការភាពជា​ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំ២០១៨ កម្ពុជានិងចិន បាន​រៀប​ចំ​នូវ​សកម្មភាព​យ៉ាង​អធឹកអធម អបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន ទី១- ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ទី២- ពិធីជប់លៀងនៅស្ថានទូតចិន ក្នុង​ប្រទេស​កម្ពុជា ដែលមានការអញ្ជើញចូលរួមពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ឯកឧត្តម វ៉ាង​ យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស។ ទី៣- ការសម្តែង​សិល្បៈ និងទី៤- ការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា-ចិន៕

ដោយ ជឹម ណារី