អគ្គលេខាធិការបក្សខេត្តលាវនីញ៖  ប្រទេសចិនមានបំណងរួមជាមួយកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការ និងការវិនិយោគជាមួយគ្នា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម Chen Qiuta អគ្គលេខាធិការបក្សប្រចាំខេត្តលាវនីញ  ប្រទេសចិន បានសម្តែងពីចំណាប់អារម្មណ៍ ដែលប្រទេសចិនមានបំណងរួមជាមួយកម្ពុជា ក្នុងការផ្សារភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយយកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាឱកាសក្តាប់ យកគម្រោងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។

ឯកឧត្តម Chen Qiuta មានចំណាប់អារម្មណ៍យ៉ាងដូច្នេះ នៅក្នុងវេទិកាជំរុញធុរកិច្ចរវាង ខេត្តលាវនីញ ប្រទេសចិន និងប្រទេសកម្ពុជា ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពាណិជ្ជកម្មខេត្តលាវនីញ សភាពាណិជ្ជកម្មខេត្ត លាវនីញនៅកម្ពុជា  ធនាគារចិនសាខានៅភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមេសា នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

ឯកឧត្តមអគ្គលេខាធិការបក្សប្រចាំខេត្តលាវនីញបានបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា និងជាទីផ្សារនាំចេញធំទី៥របស់កម្ពុជា កិច្ចសហ ប្រតិបត្តិការធុរ កិច្ចរវាងខេត្តលាវនីញ និងប្រទេសកម្ពុជា ឈរនៅចំណាត់ថ្នាក់នាំមុខ ក្នុងប្រទេសចិន ដែលជាតថភាពបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងលាវនីញ និងកម្ពុជាចាក់ឫសនៅក្នុងមិត្តភាពជាប្រពៃណីនៃផលប្រយោជន៍រួម សម្របតាមបម្រែបម្រួលសម័យកាល ដែលនាំជាកម្លាំងជំនួយដល់គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវដើរបានកាន់ តែជ្រៅនិងពិតប្រាកដ ថែមទាំងអាចបង្កជាការផ្លាស់ប្តូរទៅវិញទៅ មកយ៉ាងប្រសើរ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន។

ឯកឧត្តមបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាគួរតែក្តាប់ឱកាសប្រមូលផ្តុំកម្លាំងសាមគ្គី ដើម្បីបោះជំហានទៅមុខ ដោយភាពតាំងចិត្តកាន់តែម៉ឺងម៉ាត់ ជំហានកាន់តែស៊ីសង្វាក់គ្នា និងយន្តការកាន់តែមានប្រសិទ្ធភាព ដើម្បីបង្ហាញពីគុណសម្បត្តិធំធេង និងមូលដ្ឋានជ្រាល ជ្រៅនៃការបំពេញចន្លោះខ្វះខាតរវាងទ្វេភាគីក្នុងកិច្ចសហប្រតិបត្តិការនេះ។

ឯកឧត្តមសង្ឃឹមថា រដ្ឋាភិបាលទាំងពីរភាគីនឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់វិធានការ នានា ដែលបានដាក់ចុះលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងថ្នាក់អន្តរជាតិផ្នែកឧស្សាហកម្ម របស់ភាគីទាំងពីរ។ ឧទាហរណ៍ដូចជា ការកាត់បន្ថយចំណាយដឹកជញ្ជូន និងភ័ស្តុភារ ជំរុញការផ្សារភ្ជាប់ ការដឹកជញ្ជូន ថាមពល និងព័ត៌មានវិទ្យា បន្តជំរុញឱ្យដំណើរការគយជា ដើមកាន់តែមានភាពងាយស្រួល និងកាន់តែ មានភាពវៃឆ្លាត លើកកម្ពស់កម្រិតនៃភាពងាយ ស្រួលក្នុងវិស័យពាណិជ្ជកម្មភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍បន្ថែមមួយកម្រិតធ្វើឱ្យមូលដ្ឋានឆន្ទៈមិត្តភាពចិន និងកម្ពុជាកាន់តែរឹងមាំ។

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា បានបញ្ជាក់ ដែរថា ផ្តើមចេញពីការគាំទ្រយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយជា មួយរដ្ឋាភិបាលចិន ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានប្រៀប លើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។

ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនថា នៅក្នុងយុគសម័យឌីជីថលនេះ ដើម្បីឱ្យកិច្ច សហប្រតិបត្តិការរបស់យើងដំណើរការដោយរលូន ជាពិសេសសម្រេចបាននូវគោលដៅរួម ក្រោមប្រធានបទ៖ «រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សរ៍ទី២១៖ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍» បន្ថែមពីលើសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ខ្ញុំយល់ថា ការតភ្ជាប់ផ្នែកឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។

ទន្ទឹមនេះដែរ យើងត្រូវផ្តល់អាទិភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បង្កើតការងារធ្វើ និងជួយពង្រឹងដល់ប្រព័ន្ធសុខុ​មាលភាពសង្គម។ លើសពីនេះទៀត វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាចលករដ៏ សំខាន់ក្នុងការពន្លឿនសមាហរណកម្មតំបន់ ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើប្រតិបត្តិការលើវិស័យនានាដូចជា ប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) ប្រតិបត្តិការធនាគារ ការទូទាត់ហិរញ្ញវត្ថុ។ល។

ក្នុងនាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សូមអរគុណ ចំពោះវិនិយោគិនចិន ជាពិសេសខេត្តលាវនីញទាំងអស់ ដែលបាននិងកំពុងធ្វើការវិនិយោគ នៅកម្ពុជា និងសូមអំពាវនាវដល់វិនិយោគិនចិន ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមក សិក្សាឈ្វេងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ព្រមទាំងសម្រេច បណ្តាក់ទុនវិនិយោគឱ្យបានទាន់ពេលវេលា ដែលជាឱកាសទាញយកផលប្រយោជន៍ ជាអតិបរមាក្នុងការវិនិយោគនៅកម្ពុជា។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏សង្ឃឹមជឿជាក់ដែរថា វេទិកាជំរុញធុរកិច្ច រវាងខេត្តលាវនីញ ប្រទេសចិន និងប្រទេសកម្ពុជាថ្ងៃនេះនឹង រួមចំណែកធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ការតភ្ជាប់គ្នា និងការបោះជំហានទៅមុខនូវសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តលាវនីញ ជាពិសេសជាមួយនឹងការ កើនឡើងគ្រប់ជ្រុងជ្រោយរវាងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និង«ខ្សែក្រវាត់មួយ ផ្លូវមួយ»របស់ចិន៕

ដោយ ប៉ាល់  សុង