ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនអតីតកងកម្លាំងប្រដាប់​អាវុធចំនួន៦១គ្រួសារ នៅស្រុកបាកាន ខេត្ដពោធិ៍សាត់

AKP ពោធិសាត់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាល និងចែក​វិញ្ញា​បនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី)ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ​ដែលបានរស់នៅបំពេញគ្រប់លក្ខណៈរបស់គម្រោងសម្បទានដីសង្គមកិច្ច។ ពិធីនេះ ធ្វើឡើង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍ សាត់។

លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ​(ប័ណ្ណកម្មសិទ្ធិដីធ្លី)​ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន៦១គ្រួសារ ស្មើនឹង១១៤ប័ណ្ណជាលើកទី១​សម្រាប់ខេត្តពោធិ៍សាត់ និងនៅទូទាំងប្រទេស ក្រោយពីទទួលបានការចាប់ឆ្នោតលើកទី១ នាឆ្នាំ២០១១កន្លងមក។ លោកបានបន្ដថា អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារដែលបាន​ដាក់ពាក្យតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ខេត្តពោធិ៍ សាត់ មានចំនួន៥៩៨គ្រួសារ ក្នុងឆ្នាំ២០១០-២០១២ និងឆ្នាំ២០១៣។ សម្រាប់ឆ្នាំ២០១១ មន្ទីរបានទទួលការអនុវត្តគម្រោងចំនួន២០០គ្រួសារ ស្មើនឹង២០០ខ្នងផ្ទះ ក្នុងនោះផ្ទះសង់ពី​ឈើចំនួន១៤០ខ្នង និងសង់ពីឥដ្ឋ៦០ខ្នង និងដីឡូតិ៍កសិកម្ម២០០ឡូតិ៍។ លោកប្រធានមន្ទីរ​បានលើកទៀតថា ជាមួយគម្រោងនេះសម្បទានិកបានដាក់ពាក្យរួច និងចូលរួមចាប់ឆ្នោតមាន តែ១៥៧គ្រួសារ ក្នុងនោះមានតែ៦១ គ្រួសារប៉ុណ្ណោះ បានមករស់នៅ និងបំពេញគ្រប់​លក្ខណៈទៅតាមគោលការណ៍របស់សម្បទានសង្គមកិច្ច។ ជាមួយគ្នានេះដែរ គម្រោងសម្ប​ទានដីសង្គមកិច្ច ដែលជូនអតីតយុទ្ធជនកងកម្លាំង និងគ្រួសារនៅភូមិសំសាន្ត មានផ្ទៃដីសរុប ៩៧.៥៦​ហិកតា ស្មើនឹង១២០ក្បាលដី ក្នុងនោះដីលំនៅឋាន៥៧ក្បាលដី ដីកសិកម្ម៥៧​ក្បាលដី និងដីម្ចាស់មិនមកបំពេញទិន្នន័យ ៦ក្បាលដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជា​ប្រព័ន្ធនេះ ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដោះ​ស្រាយស្ថានភាព និងការកាន់កាប់ដីធ្លីឱ្យមានសុវត្ថិភាព ឈានទៅរកការគ្មានវិវាទ ជំរុញ កំណើនសេដ្ឋកិច្ចតាមរយៈការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារដែល​បានរស់នៅអចិន្ត្រៃយ៍សម្បទានដីសង្គមកិច្ចក្នុងភូមិសំសាន្តទាំង៦១គ្រួសារ ទទួលបាននូវ សុវត្ថិភាពនៃការកាន់កាប់គ្រប់គ្រងដីធ្លីរបស់ខ្លួន មិនមានការរំលោភបំពាននោះទៀតឡើយ។

ឯកឧត្តមក៏បានជំរុញដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រោយពីទទួល​បានប័ណ្ណ​កម្មសិទ្ធិនេះ គប្បីប្រើប្រាស់ដីទាំងនោះឱ្យអស់លទ្ធភាព លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ សម្រាប់ដោះស្រាយជីវភាព គួបផ្សំប្រាក់គោលរបបប្រចាំខែប្រសើរជាងការលក់ដី​នាំឱ្យបាត់​បង់ផលប្រយោជន៍នោះជារៀងរហូត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់អតីត​កងកម្លាំងប្រដាប់អាវុធ​ និងគ្រួសារបន្តការខិតខំថែរក្សាសុខភាព និង ត្រូវមានជំនឿ​ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា មានតែអតីតកងកម្លាំងប្រដាប់អាវុធនេះហើយដែលបានបង់​សាច់​​ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ និងប្រជាជន មានសុខសន្តិភាព ស្ថិរភាព​និងមាន​ការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕

ដោយ ណៅ ធឿន