គណៈប្រតិភូទីក្រុង​Fushun ខេត្ត​លាវនីង​ នៃប្រទេសចិន មកសិក្សាឈ្វេងយល់ពីសក្តានុពល​សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​ -គណៈប្រតិភូទីក្រុង Fushun ខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lai He លេខាបក្សទីក្រុង Fushun បានបង្ហាញការចាប់អារម្មណ៍ និងសិក្សាឈ្វេង​យល់ពី​សក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួពាណិជ្ជកម្ម។ នេះបើយោងតាមការ​ចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម សំ សិរីរតន៍ បានជម្រាបជូនគណៈប្រតិភូចិនអំពីសក្តានុពល និងកាលានុ វត្តន៍ភាពវិនិយោគ ដោយគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមានសន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមជាមួយទីតាំងយុទ្ធសាស្ត្រតំបន់អាស៊ាន ដែលបាន​និងកំពុង​ក្លាយជាតំបន់រោងចក្រនៅអាស៊ី និងចំកណ្តាលនៃដងទន្លេមេគង្គ។ ជាមួយគ្នានេះ កម្លាំង​ពលកម្មមានភាពសំបូរបែប និងវ័យក្មេង ដែលមានអាយុត្រឹម៣៥ឆ្នាំចុះក្រោម មាន៧០​ភាគរយ នៃប្រជាជនសរុប។ ចំពោះទំនិញផលិតនៅកម្ពុជា ផ្គត់ផ្គង់សម្រាប់ទីផ្សារអាស៊ាន និងទីផ្សារក្នុងតំបន់ សរុបប្រមាណជាង ៤០ភាគរយ នៃចំនួនប្រជាជនពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កម្ពុជាបើកចំហចំពោះការវិនិយោគបរទេស ដោយផ្តល់ការលើកទឹកចិត្ត និងធានាផ្នែកវិនិយោគិន ដូចជាការលើកលែងពន្ធ​លើប្រាក់​ចំណេញរយៈពេល០៩ឆ្នាំ ការលើកលែងពន្ធទាំងស្រុងចំពោះនាំចូលសម្ភារបរិក្ខា និងវត្ថុធាតុ ដើមនៃផលិតកម្ម ព្រមទាំងវិនិយោគិនបរទេសអាចប្រើមូលធនបរទេសសុទ្ធ១០០ភាគរយ និង​មិនមានការត្រួតត្រាលើតម្លៃផលិតផល និងសេវា និងអត្រាប្តូរប្រាក់នោះឡើយ។

លោក Lai He លេខាបក្សទីក្រុង Fushun និងជាប្រធានគណៈប្រតិភូ បានថ្លែងអំណរ គុណឯកឧត្តមរដ្ឋលេខាធិការ ដែលបានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បាន​បង្ហាញ​ពីស្ថានភាពទូទៅ និងសក្តានុពលសេដ្ឋកិច្ចនៃទីក្រុង Fushun ដែលមានការអភិវឌ្ឍ​ឈាន​មុខគេលើវិស័យឧស្សាហកម្មធន់ធ្ងន់ និងជាទីក្រុងប្រភពរ៉ែធ្យូងថ្មនៃប្រទេសចិន។ លោកបាន គាំទ្រនិងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុងFushun និងកម្ពុជាតាមរយៈ​ ការរៀបចំពិព័រណ៍ ឬវេទិកាជំរុញពាណិជ្ជកម្មទ្វេភាគី ដែលជាឱកាសឱ្យវិនិយោគិនទាំងពីរ ប្រទេស អាចឈ្វេងយល់ពីផលិតផលសក្តានុពល និងបរិយាកាសពាណិជ្ជកម្មនៃប្រទេស ទាំងពីរបន្ថែមទៀត៕

ដោយ ទេស ច័ន្ទសុធារី​