អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩​ — អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ លោកស្រី រ៉ូណា ស្មីត ក៏នឹងបំពេញទស្សន​កិច្ច​ផងដែរ​ទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

អ្នកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ថា “ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើ ស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានាចាប់តាំងពីបេសក កម្មរបស់ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក”។ លោកស្រីក៏បានលើកឡើង និងមានបំណងបន្តការ​ពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណ​នេយ្យភាព។

ជាមួយគ្នានេះដែរ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិក៏បាន បំពេញបេស​កកម្មផ្លូវការជាប្រចាំមកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រី នឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។
បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹង មានធ្វើ​សន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ច​របស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ០៣:០០ រសៀល នៅការិយាល័យឧត្តមស្នងការអង្គ​ការសហ​ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ដោយ អ៊ុន រិទ្ធី