ឯកឧត្ដម ប៉ែន លីណាត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅស្រុកសំបូរ ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដែលធ្វើឡើងនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិ បាលខេត្ត លោក លោកស្រីជាមន្ត្រីរាជការក្រោម ឱវាទមន្ទីរសុខាភិបាល អាជ្ញាធរស្រុក ឃុំ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជាង ៣៥០នាក់។

លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិ បាលខេត្តបានឱ្យដឹងថា ដើម្បីបន្តអនុវត្តន៍ ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាល និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មន្ទីរសុខា ភិបាលខេត្តក្រចេះ ដោយបានចូលរួមកម្មវិធីបំផុសការយល់ដឹង និងយកចិត្តទុក ដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខុមាល ភាពសង្គម និងសំដៅរួមចំណែក ដល់ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលរស់ នៅតំបន់ជនបទ និងប្រជាពលរដ្ឋដែលប្រកបរបរកស៊ី និងធ្វើស្រែចម្ការក្នុងព្រៃ។លោកបញ្ជាក់ថា ជាការឆ្លើយតបនូវបញ្ហានេះ ក្នុងឆ្នាំ ២០១៨ មន្ទីរសុខាភិបាលខេត្ត បានចែកមុងជ្រលក់ថ្នាំមានប្រសិទ្ធភាពជូនដល់ប្រជាជនបានចំនួន ១៦៣.០០៩មុង និងមុងអង្រឹងចំនួន ៦៥.៥៨០ មុង និងចុះអប់រំសុខភាព ជោះឈាម ព្យាបាល ព្រមទាំងបង្កើត និងពង្រីកអ្នកស្ម័គ្រចិត្តតាមមូលដ្ឋានផងដែរ។ លោកប្រធានមន្ទីរបានឱ្យ ដឹងផងដែរថា បើធ្វើការប្រៀបធៀបក្នុងរយៈពេល៣ខែដើម ឆ្នាំ២០១៩ នេះ ករណីជំងឺគ្រុនចាញ់មានការ ថយចុះពី ១.៩៧០ ករណី ឆ្នាំ២០១៨ មកត្រឹម ៣៨០ ករណីនៅត្រីមាសទី១ឆ្នាំ២០១៩។
ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត នៅក្នុងពិធីនោះដោយសម្តែងនូវការ អរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលក៏ដូច ជាមន្ត្រីទទួលបន្ទុកប្រយុទ្ធ ប្រឆាំងជំងឺគ្រុនចាញ់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទាំង ជីវភាព រស់នៅទាំងសុខភាពអនាម័យ ព្រមទាំងមានកិច្ចសហការល្អរវាងអាជ្ញាធរ ក្នុងមូលដ្ឋាន បានយ៉ាងល្អផងដែរ។

ឯកឧត្ដម ប៉ែន លីណាត បានជំរុញឱ្យមន្ត្រីសុខា ភិបាលទាំងអស់ត្រូវធ្វើយ៉ាងណាផ្ដល់ ភាពកក់ ក្ដៅដល់ប្រជាពលរដ្ឋ ទាំងកាយវិការ ទាំងពាក្យ សម្តីគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យ បានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត គោរពស្រឡាញ់ និងសូមឱ្យបន្ដ កិច្ចសហការជាមួយអង្គការដៃគូនានាដើម្បីកាត់បន្ថយអត្រាជំងឺ និងអត្រាស្លាប់ដោយសារជំងឺ គ្រុនចាញ់នេះ និងត្រូវរួមគ្នាក្នុងការលប់បំបាត់ឱ្យអស់ជាស្ថាពរនៃជំងឺគ្រុនចាញ់ ស្របតាមផែន ការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល កម្ពុជា៕

ដោយ ជួន សុជាតិ