ច្រាំង​ទន្លេ​មេគង្គដែលបាន​រង​ការ​ខូចខាត​បាក់​ស្រុតត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ ក្នុងក្រុង​កំពង់ចាមកំពុងធ្វើការជួសជុល​ឡើង​វិញ

AKP កំពង់ចាម ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ -ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ដែល
​បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ក្នុង​រដូវវស្សា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ ប្រវែងប្រមាណជាង១៦០ម៉ែត្រ បាននិងកំពុងធ្វើការជួសជុល​ស្ថាបនាខឿនច្រាំងទន្លេឡើង​វិញដោយ​ក្រុមបច្ចេក ទេស​របស់​ក្រសួង​ធនធានទឹកនិងឧតុនិយម ដោយជំរុញការជួសជុសឱ្យរួចរាល់មុនរដូវទឹកទន្លេមេគង្គជន់ឡើង។

លោក អ៊ុំម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិមខេត្តកំពង់ចាមបានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដឹងនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះថា គ្រោះ​ធម្មជាតិទឹកទន្លេមេគង្គបាន​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ដែល​បាន​រង​ការ​ខូចខាត ​បាក់​ស្រុតបាក់​ស្រុតរអិលចូលទៅក្នុងទន្លេ​មានប្រវែងប្រមាណជាង១៦០​ម៉ែត្រ ដែលបណ្តាល​ឱ្យខឿនសួនច្បារ ​បង្កាន់ដៃសួនច្បារ​រូបសំណាក់​ដី​រី​ត្រូវ​បាន​ស្រុត​ទ្រេតចូលទៅច្រាំងទន្លេ រួម​នឹង​កំរាល​ឥដ្ឋការ៉ូឡា​ត្រូវ​រង​បាក់បែកផងដែរ ហើយការស្ថាបនាខឿនច្រាំងទន្លេដោយក្រុមបច្ចេកទេស​របស់​ក្រសួង​ធនធានទឹកនិងឧតុនិយម។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិមខេត្តកំពង់ចាមបានឱ្យដឹងដែថា ដោយមានការយកចិតទុកដាក់ខ្ពស់របស់ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ធ្វើ​សំណើ​ដើម្បី​សុំ​អន្តរា​គម​ន៍មក​សម្តេច​តេ​ជោ​សែន ហើយ​ត្រូវ​បាន​សម្តេច​តេ​ជោ​សម្រេច​ផ្តល់ថវិការ​ចំនួន​ ១​,៦លាន​​ដុល្លារអាម៉េរិក។ ក្នុងទំហំទឹកប្រាក់នេះគឺអនុវត្តលើគម្រោងដូចជាការសាងសង់ខឿនថ្មីនៃច្រាំងទន្លេដែលរអិលបាក់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គកាលពីឆ្នាំ២០១៨កន្លង ទៅប្រវែង១៦០ម៉ែត្រនៅក្រុងកំពង់ចាមដើម្បីបញ្ចៀសទឹកជំនន់ជនលិចនាំ ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពង់ចាម រួមមាន៖ សួនច្បារ ផ្លូវថ្នល់ អគារផ្សេងៗ និងធ្វើការស្តារខ្សាច់ចុងកោះដាច់ចេញដើម្បីកាត់បន្ថយការដុះកោះបន្តមកផ្នែកខាងក្រោម។

លោក អ៊ុំម វិបុល បានបញ្ជាក់ថា របាំងខឿនសួនច្បារនៃច្រាំងទន្លេមេគង្គក្នុងក្រុងកំពង់ចាម វាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ខេត្តពិសេសទីប្រជុំជននៃក្រុងកំពង់ចាម គឺទី១-ជារបាំងដ៏សំខាន់ការពារទឹកជំនន់ទន្លេមេគង្គក្នុងរដូវវទឹកឡើងកុំឱ្យទឹកឡើងជន់លិចក្រុងកំពុងចាមដែលរងផសប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពង់ចាមនោះ។      ទី២-សួនច្បារបង្កើតបាននូវសោភណភាពដល់ទីក្រុងកំពង់ចាម កាន់តែមានសម្រស់ស្រស់ស្អាតតាមមាត់ទន្លេ និងផ្តល់នូវបរិស្ថានធម្មជាតិខ្យល់បរិសុទ្ធ។ ទី៣-ជាកន្លែងទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តជាតិ មិនថាក្នុងខេត្ត ឬក្រៅខេត្តដែលមកកម្សាន្តក្នុងក្រុងកំពង់ចាម តែងបានទៅដើរកម្សាន្ត លំហែកាយ និងស្រូបយកខ្យល់ដ៏បរិសុទ្ធនៅទីនោះ ហើយក៏ជាកន្លែងដើរកម្សាន្ត និងហាត់ប្រាណរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម និងអ្នកមកពីចម្ងាយស្នាក់នៅក្នុងក្រុងកំពង់ចាមនោះ។

លោក អ៊ុំម វិបុល បានឱ្យដឹងដែរថា រដ្ឋបាលខេត្តក៏បាននិង​កំពុង​តែ​សាង​សង់សួនច្បារតាមដងទន្លេបន្ថែមទៀតចាប់ពី​ត្រង់​ចំណុច​ក្រោម​ស្ពាន​គី​ហ្ស៊ូណា ​រហូតដល់​ត្រង់​ចំណុច​កំពង់​សាឡា​ង​ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដើម្បី​ប្រែក្លាយ​តំបន់តាម​ផ្លូវ​មាត់ទន្លេ​ក្នុងក្រុងកំពង់ចាមកាន់តែ​មាន​ភាព​ស្រស់​ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន៕

ដោយ ឆាយ ម៉ុត