ព្រឹទ្ធសភា ប្រកាសទទួលស្គាល់ ឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភាថ្មី និងលោកជំទាវ  កង សៅរ៍ធន ជាប់ឆ្នោតជាសមាជិកគណៈកម្មការផែនការ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានប្រកាសទទួលស្គាល់ ឯកឧត្តម អ៊ឹង លាងហួរ ជាសមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគ៧ ជំនួស ឯកឧត្តម ជុំ វង ដែលបានទទួលមរណភាព និងបានបោះឆ្នោតជ្រើសរើសលោកជំទាវ កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍជនបទ និងបរិស្ថាន។នៅក្រោយសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤នេះ ឯកឧត្តម ម៉ម ប៊ុន នាង អ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា សម័យប្រជុំលើកទី៣នេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភានេះ ថ្នាក់ដឹក នាំគណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការនានា  ក្រុមសមាជិកា ក្រុមភូមិភាគនានា និង សមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នា ខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ទៀតថា ក្នុងស្ថានភាពអាកាសធាតុរាំងស្ងួត និងក្តៅខ្លាំងនេះ សមាជិកព្រឹទ្ធសភា គ្រប់មណ្ឌល ក៏ដូចជាគណៈកម្មការនានា បានយកចិត្តទុកដាក់ចុះទៅតាមមូលដ្ឋាន ជួយជីកស្រះ ស្តារស្រះ ស្តារ​ប្រឡាយ កសាងទំបន់ទឹកថ្មីបន្ថែម ដើម្បីបម្រើ សេចក្តីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស គិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ ដោយនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ អន្តរជាតិ ចុះទៅពិនិត្យជូនជាហូរហែផងដែរ៕

ដោយ ប៉ាល់ សុង