រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំចង្អៀតសេដ្ឋកិច្ចអាស៊ាន លើកទី២៥ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​សម្រាប់ កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន លើកទី២៥ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅទីក្រុងភូកេត ប្រទេសថៃ។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ដែលបាន​ដឹកនាំដោយលោកជំទាវ Chutima Bunyapraphasara រដ្ឋមន្រ្តីស្តីទី នៃក្រសួងពាណិជ្ជកម្មថៃ និងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូ អគ្គលេខាធិ ការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងពិភាក្សាលើការបញ្ចប់កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩។

កិច្ចប្រជុំបានឯកភាព ដោះស្រាយបញ្ហាដែលនៅសេសសល់ តាមរយៈការប្រកាន់នូវគោលជំហររួម ដើម្បីអាចបញ្ចប់ កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំនេះ ស្របតាមអាណត្តិផ្តល់ឱ្យដោយថ្នាក់ដឹកនាំ។ ជាមួយគ្នា នេះ រដ្ឋមន្រ្តីទាំងអស់ក៏បានពិភាក្សាលើការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី និងបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដទៃទៀត ក៏បានលើក អំពីតួនាទី និងសារៈសំខាន់នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) បន្តគាំទ្រ និងរក្សា ប្រពន្ធ័ពាណិជ្ជកម្មពហុភាគី និងបានឯកភាពចូលរួមក្នុងការធ្វើកំណែទម្រង់(WTO) ដើម្បី ជំរុញប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំក៏បានជំរុញឱ្យមានការតែងតាំងសមាជិកអង្គភាពដោះស្រាយជម្លោះ (WTO) ឱ្យបានឆាប់បំផុត ដើម្បីចៀសវាងនូវបញ្ហាជាប់គាំងយន្តការដោះស្រាយជម្លោះ ពាណិជ្ជកម្មដ៏សំខាន់នេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម (ASEAN Trade in Services Agreement – ATISA) និងពិធីសារទី៤ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអាស៊ាន ស្តីពីវិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement – ACIA) ដែលកិច្ចព្រមព្រៀង និងពិធីសារនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រីកពាណិជ្ជកម្មលើ ផ្នែកសេវាកម្ម នៅក្នុងតំបន់ តាមរយៈការកាត់បន្ថយរបាំងនានា ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការចូលរួម របស់សហគ្រាសធុនតូច និងមធ្យម កាត់បន្ថយ​គម្លាតអភិវឌ្ឍន៍រវាងរដ្ឋជា​សមាជិក ក៏ដូចជាជួយសម្រួលដល់សេរីភាវូបនីយកម្ម និងការវិនិយោគក្នុង​អាស៊ាន ដើម្បី ទទួលបានផលប្រយោជន៍ជាអតិបរមា នៃសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់៕

ដោយ ម៉ៅ ចរិយា