អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា គោរមងារសាស្រ្តាចារ្យកិត្តិយសដែលសម្តេច តេជោទទួលបាន ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — សាកលវិទ្យាល័យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់គោរមងារជាសាស្រ្តាចារ្យ កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ របស់សម្តេចតេជោទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសាខាងមុខនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការ​ទទួលបានគោរមងារខាងលើនេះ គឺជាការឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជនកម្ពុជា។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការទទួលបាន គោរមងារជាសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា និងជាការទទួលស្គាល់ពីថ្នាក់ដឹកនាំអន្តរជាតិផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺពិតជាស័ក្តិសម​នឹងទទួល បានគោរមងារមួយនេះ ឆ្លើយតបទៅនឹងជំនាញដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ នៅក្នុងទំនាក់ ទំនងការបរទេសជាមួយបណ្តាប្រទេសនៅលើពិភពលោក។ ឯកឧត្តមបានអះអាងថា ជាក់   ស្តែងនៅក្រោមការដឹកនាំរបស់សម្តេចតេជោក្នុងពេលបច្ចុប្បន្ននេះ គឺឃើញថា នយោបាយ របស់ប្រទេសកម្ពុជាមានលក្ខណៈចម្រុះពណ៌។ មានន័យថា កម្ពុជាអាចនិយាយជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើងបាន ដែលខុសពីនយោបាយកាលពីសម័យអតីតកាល ហើយនេះគឺជាទស្សនៈ នយោបាយល្អដែលបរទេសអាចទទួលយកបាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា “គោរមងារនេះឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជន កម្ពុជា ហើយជាកិត្តិយសរបស់ប្រជាពលរដ្ឋកម្ពុជាដែលមានថ្នាក់ដឹកនាំមួយដែល ទទួល ស្គាល់ពីសំណាក់អន្តរជាតិ”។ ឯកឧត្តមបានបន្ថែមថា ទស្សនៈនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានតុល្យភាពភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចល្អផងដែរ៕ ដោយ ចាន់ សុធីវង្ស