រដ្ឋបាលខេត្តបើកកិច្ចប្រជុំជាមួយសមាគម អង្គការសង្គមស៊ីវិលដែលមានទីតាំងនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមេសា ​ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងសមាគម អង្គការសង្គមស៊ីវិលដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានានៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ។

លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានពិភាក្សា ពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងការប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ រួមគ្នាយកមកដោះស្រាយ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យមានការរីកចម្រើនស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងបានអនុញ្ញាតដល់មន្រ្តីអង្គការសង្គមស៊ីវិលធ្វើការបញ្ចេញមតិក្នុងន័យចូលរួមស្ថាបនា និង រកវិធានការដំណោះនូវរាល់បញ្ហានានាដែលពួកគាត់បានលើកឡើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងសុំឱ្យសមាគម អង្គការសង្គមស៊ីវិលជួយផ្សព្វផ្សាយច្បាប់ ដល់ប្រជាពលរដ្ឋឱ្យបានយល់៕

ដោយ ងូ សុមុនី