រដ្ឋបាលសាលាខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វិភាគស្ថានភាពនៃផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជំហានទី២

AKP មណ្ឌលគិរី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ -ដើម្បីជួយឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងខេត្ត នៅថ្ងៃអង្គារ ៤រោច ​ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វិភាគស្ថានភាពនៃផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជំហានទី២ ក្រោមវត្តមាន លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងអង្កការWWF ព្រមទាំងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ និងតំណាងអង្គការដៃគូលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺដើម្បីជំរុញការរៀបចំ និងការអនុវត្តគោលនយោ បាយ បទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងកម្មវិធីនានា ឱ្យមានប្រសិទ្ធភាពសម្រាប់គ្រប់ គ្រងតំបន់ការពារធម្មជាតិ។

លោកបានបញ្ជាក់ថា គោលបំណង នៃសិក្ខាសាលានាពេលនេះ ទី១-បង្ហាញជូននូវវឌ្ឍនភាពនៃការកសាងផែនការរៀបចំដែនដីថ្នាក់ខេត្តសម្រាប់ខេត្តមណ្ឌលគិរី។ទី២-ផ្ទៀងផ្ទាត់ទិន្នន័យការប្រើប្រាស់ដីតាមស្រុក។ ទី៣- វិភាគស្ថាប័នដោយផ្អែកលើការវិភាគសត្វ (SWOT) នៅកម្រិតខេត្ត។ ទី៤-ពិគ្រោះយោបល់លើរបាយការណ៍វិភាគស្ថានភាព ។ ទី៥-លទ្ធភាពទទួលបានអនុសាសន៍នានាពីសិក្ខាកាម ដើម្បីកែលម្អរបាយការណ៍វិភាគស្ថានភាពឱ្យកាន់តែប្រសើរ។

លោក ភូរបា ឡិនហ៍ដាប់ ប្រធានគ្រប់គ្រងតំបន់ទេសភាពទំនាបខាងកើត នៃអង្គការWWF បានឱ្យដឹងថា ផែនការរៀបចំដែនដីថ្នាក់ខេត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានូវការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព និងធ្វើឱ្យខេត្តមណ្ឌលគិរី មានការរីកចម្រើន ។ ដូច្នេះ អង្កការWWF របស់លោក បានគាំទ្រលើផែនការរៀបចំដែនដីខេត្ត ហើយគឺជាផែន ការមួយដែលធានានូវនិរន្តរភាព សម្រាប់ការអភិវឌ្ឍក្នុងខេត្ត និងជួយឱ្យប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ប្រកបដោយសុខដុមរមនា៕

ដោយណយ នឿន (ប្រភព រដ្ឋបាលខេត្តមណ្ឌលគិរី)