សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់កម្លាំងសមត្ថកិច្ទទាំងអស់ ត្រូវប្រុងប្រយ័ត្នកុំឱ្យក្រុមភេរវករយកកម្ពុជាធ្វើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — បន្ទាប់ពីបានកើតឡើងនូវព្រឹត្ដិការណ៍ភេរវកម្មនៅប្រទេសស្រីលង្កា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូ​វ​មានការ ប្រុងប្រយ័ត្នឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ក្រុមភេរវករដែលមានគំនិត​ធ្វើភេរវកម្ម​នៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា​ឆ្នាំ២០១៩​​ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ត្រង់នឹងហើយដែលខ្ញុំព្រះករុណា ខ្ញុំតែងតែរម្លឹក និងតាស់តឿន ចំពោះមន្ត្រីនគបាល និងមន្ត្រីអាវុធហត្ថជារួមកម្លាសមត្ថកិច្ចដែលមានភារកិច្ចទទួលខុសត្រូវ លើបញ្ហាសន្តិសុខជាតិ”។ សម្តេចតេជោបានបន្ដថា សម្តេចតែងតាស់តឿនគ្រប់កម្លាំងសមត្ថ កិច្ចទាំងអស់នូវពាក្យស្លោកថា ឃើញទឹកស្ងប់ មិនត្រូវគិតថានៅក្នុងទឹកគ្មានត្រី ឬគ្មាន​សត្វ​ដែលគ្មានពិសនោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា គ្រប់កម្លាំងទាំងអស់ ត្រូវប្រុងប្រយ័ត្ន កុំឱ្យកម្ពុជាក្លាយជាជម្រក ឬជាគោលដៅនៃការវាយប្រហារភេរវកម្មឱ្យសោះ។

សម្តេចតេជោ បានលើកឡើងទៀតថា ការដឹកនាំប្រទេសមិនមែនត្រឹមចេះតែដឹកនាំ ឬចេញត្រឹមស្រែក​នោះទេ គឺត្រូវចេះមានបទបញ្ជា មានបច្ចេកទេស គ្រប់គ្រងសភាពការណ៍​សម្រាប់ប្រទេស មាន​សេចក្តី សុខដោយមិនត្រូវផ្តល់ឱកាសឱ្យក្រុមភេរវកម្មណាមួយវាយប្រហារបំផ្លាញ ជីវិត ប្រជាជននោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងទៀតថា នៅកម្ពុជាត្រូវបាន កំណត់ដោយសុខ សន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស មិនត្រូវមានភេរវកម្ម​ណា​មួយកើតឡើង​ជាដាច់ខាត៕

ដោយ ប៊ុន រិទ្ធ