នៅទូទាំងខេត្តកំពង់ចាម មិនទាន់មានតំបន់ណាមួយប្រឈមការខ្វះខាតទឹកប្រើប្រាស់ទេ

AKP កំពង់ចាម ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ -លោកអ៊ុំម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKPដឹងនាព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា ថ្វីបើស្ថានភាពនៃអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងក្តីតែនៅតាមមូលដ្ឋាននានាទូទាំងខេត្តកំពង់ចាម ពិសេសនៅតាមតំបន់ជនបទ គិតរហូតមកដល់ពេលនេះ ទោះបីអាកាសធាតុឡើងកំដៅខុសធម្មតាក៏ដោយក៏បងប្អូនប្រជាពលរដ្ឋយើងនៅមិនទាន់ប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់នោះទេ។

លោក អ៊ុំម វិបុល បានបញ្ជាក់ថា បានឱ្យដឹងថា ដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ខ្ពស់រួមគ្នាថែរក្សាទឹកទុកប្រើប្រាស់ដោយអាកាសធាតុឆ្នាំនេះមានការប្រែប្រួលក្តៅខ្លាំងធ្វើឱ្យទឹកទន្លេ បឹងបួរ រីងហួតហែងប្រជាពលរដ្ឋយើងអាចប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ពិសេសបានធ្វើការណែនាំដល់មន្ត្រីជំនាញធ្វើការតាមដានជាប្រចាំអំពីស្ថានភាពការប្រើប្រាស់ទឹក របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីជួយប្រជាពលរដ្ឋនៅពេលជួបបញ្ហាប្រឈមនេះ។

លោក អ៊ុំម វិបុល បានឱ្យដឹងថា ដោយការយកចិតទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្តក៏ដូចមន្ទីរក៏បានធ្វើណែនាំឱ្យអាជ្ញាធរដែនដីភូមិ ឃុំ ត្រូវរាយការណ៍ជាបន្ទាន់ អំពីបញ្ហាប្រជាពលរដ្ឋ ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ដើម្បីរកវិធានការដោះស្រាយ និងដោះស្រោជាបន្ទាន់ជូនដល់ពួកគាត់។ មកដល់ពេលនេះដោយមានការចូលរួមពីប្រជាពលរដ្ឋយើងនៅទូទាំងខេត្តកំពង់ចាម មិនទាន់មានប្រជាពលរដ្ឋនៅតាមតំបន់ណាមួយប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់នោះទេ។

លោកប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើងដោយអាកាសធាតុមានការប្រែប្រួលរលកកម្តៅខ្ពស់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិតទុកដាក់ខ្ពស់បញ្ហាសុខភាពខ្លួន និងកូនចៅ ត្រូវផឹកទឹកស្អាតឱ្យបានច្រើន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតធម្មជាតិនៅពេលមេឃរកភ្លៀងតែងតែមានលាយឡំជាមួយនឹងខ្យល់អន្ត្រាក់ ផ្គររន្ទះផងនោះត្រូវរកកន្លែងមានសុវត្ថិភាព។

លោក អ៊ុំម វិបុលក៏បានដឹងដែរថា នៅឆ្នាំនេះការជួយដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋអាជ្ញាធរខេត្តបានផ្តល់អណ្តូងទឹកជាច្រើនកន្លែងនៅមូលដ្ឋាន និងជំរុញអាជីវករទឹកស្អាតធ្វើការតបណ្តាញចែកចាយទឹកដល់តាមមូលដ្ឋានជាមួយនឹងការណែនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យមន្ទីធនធានទឹកគ្រប់ខេត្តក្រុងត្រៀមរថយន្តចល័ត សម្រាប់ដឹកទឹកចែកជូនប្រជាពលរដ្ឋយើង ហើយមន្ទីរបានត្រៀមរថយន្តពីរគ្រឿងសម្រាប់ធ្វើអន្តរាគមន៍ជាមួយអាជ្ញធរខេត្តនៅពេលប្រជាពលរដ្ឋប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់៕

ដោយ ឆាយ ម៉ុត