រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតែងតាំងអភិបាល អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌចំនួន៤៤រូប

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា​ឆ្នាំ២០១៩ -រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំងអភិបាលខណ្ឌកំបូល, ខណ្ឌបឹងកេងកង,ខណ្ឌចំការមន និងអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ សរុបចំនួន៤៤រូប ការប្រកាសតែងតាំងអភិបាលខណ្ឌ និងអភិបាលរង នៅពេលនេះខណៈខណ្ឌថ្មីចំនួន២ទើបបង្កើត ដោយបំបែកចេញពីខណ្ឌចំនួន៣ ដើម្បីបម្រើសេវាឱ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ។ ក្នុងនោះអភិបាលខណ្ឌ ចាស់ចំនួន៦រូបទៀត ក៏ត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌផងដែរ។

អភិបាលខណ្ឌចាស់ចំនួន៦រូប ដែលត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌរួមមាន៖ លោក សុខ សម្បត្តិ នៅជាអភិបាលខណ្ឌព្រែកព្នៅ, លោក ឃ្លាំង ហួត នៅជាអភិបាលខណ្ឌជ្រោយចង្វារ, លោក ឯក ឃុនឌឿន នៅជាអភិបាលខណ្ឌទួលគោក, លោក លឹម សុភា នៅជាអភិបាលខណ្ឌ៧មករា, លោក ហែម ដារិទ្ធ នៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ, លោក ពេជ្រ កែវមុនី នៅជាអភិបាលខណ្ឌមានជ័យ ។ ក្រៅពីនេះ អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌមួយចំនួនទៀត ក៏ត្រូវបានប្រកាសជាមួយគ្នានោះផងដែរ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើង នារសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ​ឆ្នាំកុរ ឯកស័ក​ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងពិធីនោះត្រូវបានប្រកាសតែងតាំង លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ មកជាអភិបាលខណ្ឌចំការមន ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចមកបម្រើការងារនៅសាលារាជធានីភ្នំពេញ។ លោក ធឹម សំអាន អភិបាលរងខណ្ឌចំការមន មកជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មកជាអភិបាលខណ្ឌកំបូល ។

ដើម្បីងាយស្រួលគ្រប់គ្រងការងាររដ្ឋបាលនៅរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពទើបរាជរដ្ឋាភិបាលសម្រេចបង្កើតខណ្ឌថ្មីចំនួន២បន្ថែមទៀត  ពោលគឺខណ្ឌបឹងកេងកង ដែលកាត់ចេញពីខណ្ឌចំការមន និងខណ្ឌកំបូល ដែលកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

ឯកឧត្ដម  ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ពិសេសខណ្ឌទើបបង្កើតថ្មី ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកំពុងផ្ដោតទៅលើការអនុវត្តនូវអភិក្រមទាំង៥ មានដូចជា ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ។ មកដល់ពេលនេះគ្មាននរណាម្នាក់អាចគេចផុតពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រមទី៥នេះទេ។ ដូច្នេះមន្រ្តីរបស់យើងដែលមានសមត្ថភាព និងចំណេះដឹង ត្រូវផ្លាស់ប្ដូរនូវឥរិយាបថ ខិតខំអនុវត្តន៍តួនាទី ភារកិច្ចស្នូល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងតំណែងអភិបាលនៃគណៈអភិបាលខណ្ឌ៣រូប ដែលមាន២រូបជាអភិបាលខណ្ឌថ្មី ។ តាមអនុក្រឹត្យស្តីពីការបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ត្រូវបានបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយកាត់យកសង្កាត់ចំនួន ៧ ពីខណ្ឌចំការមន នៃរាជធានីភ្នំពេញ គឺ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ។  តាមអនុក្រឹត្យនេះត្រូវបានផ្ទេរទីតាំងសាលាខណ្ឌចំការមនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ទៅឱ្យសាលាខណ្ឌបឹងកេងកង ទីតាំងសាលាខណ្ឌចំការមនត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់។

ចំណែកខណ្ឌកំបូលវិញត្រូវបានកាត់ចេញពីសង្កាត់ចំនួន ៦ ពីខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ រួមមាន ៖  សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យកសង្កាត់មួយទៀតពីខណ្ឌដង្កោ នៃឯរាជធានីភ្នំពេញគឺសង្កាត់ប្រទះឡាង មានន័យថា ខណ្ឌកំបូលមានសង្កាត់ចំនួន០៧ ៕

ដោយសួស សំរិត