នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងរួមគ្នា ពីស្ថានីយបានខ្លងលឹកប្រទេសថៃ មកស្ថានីយ ប៉ោយប៉ែត ក្នុងខេត្ដបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីពិធីប្រគល់-ទទួលក្បាលរថភ្លើងប្រភេទ DMU (Diesel Multi Unit) ដែលជាអំណោយ របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើង ពីស្ថានីយខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ មកស្ថានីយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ នេះបើយោងតាម ការចេញ​ផ្សាយរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន។រថភ្លើងប្រភេទ DMU ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ​នេះ រួមមាន៖ ក្បាល រថភ្លើងចំនួន១គ្រឿង និងទូដឹកអ្នកដំណើរចំនួន៤គ្រឿង ដែលអាចផ្ទុក អ្នកដំណើរបាន ៣២០នាក់ (៨០នាក់ ក្នុងទូនីមួយៗ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃ ក៏បាន​បណ្តុះបណ្ដាលពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការ ប្រើប្រាស់ទូរថភ្លើងថ្មីនេះ ជាមុនដល់​មន្រ្តីបច្ចេកទេសផ្លូវដែកកម្ពុជា ចំនួន ៩នាក់ផងដែរ។

ផ្លូវដែកពីស្ថានីយសិរីសោភ័ណ ទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែង ៤៨គីឡូ ម៉ែត្រ សាងសង់ចប់រួចរាល់នៅឆ្នាំ១៩៤២។ មុនឆ្នាំ១៩៧០ ផ្លូវដែកនេះ​​ត្រូវបានធ្វើចរាចរ​អាជីវ កម្មរួមគ្នា ដោយខ្សែរថភ្លើងកម្ពុជាចូលទឹកដីថៃ ៣ថ្ងៃ និងខ្សែរថភ្លើងថៃ ចូលទឹកដីកម្ពុជា ៣ថ្ងៃ ដោយសមត្ថកិច្ចនៃប្រទេសទាំងពីរ បានធ្វើការរួមគ្នានៅស្ថានីយ អន្តរជាតិប៉ោយប៉ែត។

ក្រោយមក នៅឆ្នាំ១៩៧៣ ផ្លូវដែកនេះត្រូវបានកាត់ផ្តាច់ ដោយសារការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ក្នុងសម័យ លន់ នល់។ បន្ទាប់មក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគ យល់ដើម្បីធ្វើការតភ្ជាប់ផ្លូវដែក​រវាងកម្ពុជា-ថៃ ឡើងវិញ ហើយត្រូវបានតភ្ជាប់គ្នាឡើងវិញជាប្រវត្តិសាស្ដ្រ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានជួយសាង​សង់ជាថ្មីនូវស្ពានផ្លូវដែក ព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង៤៣ម៉ែត្រ ដោយប្រើប្រាស់​ថវិកាសាងសង់ប្រមាណ១លានដុល្លារ អាម៉េរិក និងស្ពានផ្លូវរថភ្លើងប៉ោយប៉ែត-អរញ្ញប្រាថេត ប្រវែង៤៥ម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ដោយជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ និងបានធ្វើពិធីតភ្ជាប់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គួររម្លឹកថា ផ្លូវដែកភាគខាងជើង របស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញ​រួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។ ផ្លូវដែកនេះ ចូលរួមចំណែក្នុងការជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាឆ្អឹងខ្នង​នៃការដឹកជញ្ជូននៅកម្ពុជា។ តាមរយៈសមិទ្ធផលទាំងនេះ បានបង្ហាញអំពីគោលនយោបាយ​ជាយុទ្ធសាស្រ្ត និងប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារ​ជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ ការតភ្ជាប់ផ្លូវដែក​កម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជា​មធ្យោបាយដឹកជញ្ជូនទំនិញដែលមានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និង​អភិវឌ្ឍន៍​តំបន់ អាស៊ាន និងមហាអនុតំបន់មេគង្គ៕

ដោយ អ៊ុន រិទ្ធី