សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីបានអញ្ជើញក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាន​ណង​អៀ​ន​)ជាមួយនាយករដ្ឋមន្ត្រីថៃ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិ លេខ៥ ក្នុងខេត្ដបន្ទាយមានជ័យ។គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្ប​ទាន​​សម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រា​ក់​ប្រមាណជាង៩២៨លានបាត ស្មើ​នឹងប្រមាណ ២៦.៤២លានដុល្លារអាម៉េរិក សម្រាប់សាងសង់អគារច្រកទ្វារ ត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់សំ​ណង់​អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និង​ទីលាន​កុងតឺន័រ” ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។​
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ​ស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួល​ដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមិត្តថៃ ដែលជានិច្ចជាកាលតែងតែផ្តល់​កិច្ចសហ​ការល្អក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវ ជាតិលេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខាន​ដល់ការនាំចេញ នាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំង ផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង។ សម្តេចតេជោបានបន្ថែមថា កម្ពុជា-ថៃ មិនអាចយកស្ពាននៅប៉ោយប៉ែត ឆ្លងលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះហើយទើបសម្រេច​ឱ្យ​មានការសាងសង់ស្ពានថ្មី នៅស្ទឹងបត់សម្រាប់ការដឹកទំ​និញ ហើយស្ពាននៅប៉ោយប៉ែតទុក​សម្រាប់​ចេញ-ចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស​មិទ្ធ​ផលនៅលើទឹកដីច្រកស្ទឹងបត់ ជាសមិទ្ធផលដើមរដូវ ដែលកើត​ចេញពីការប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុន របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែល ២០ឆ្នាំ​មកនេះ តំបន់សង្រ្គាម បានក្លាយទៅជាតំបន់ទីផ្សារ តំបន់កម្សាន្ត និងជាតំបន់ដែល​មាន​សេវា។ ព្រមពេលជាមួយគ្នានេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងដោយ ស្នើទៅកាន់ នាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិ ៤កន្លែងផ្សេងទៀត ក្នុងនោះមានច្រកអាន​សេះ ច្រកជប់គគី ច្រកភ្នំដី និងច្រកថ្មដា ក្នុងន័យសម្រួលដល់ការធ្វើដំណើរ និងការធ្វើ​ពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺធំណាស់រហូតដល់ ៦ពាន់លានដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិស្ទឹងបត់-បានណងអៀន និងការ​តភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែក ចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំ សម្រាប់​ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រ​ទេ​ស​នៃមហាអនុតំបន់ទន្លេមេគង្គ។ សម្តេចតេជោសង្ឃឹមថា វិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹង បត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជ កម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពី គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះ ដាក់ឱ្យដំណើរការ៕

ដោយ ជឹម ណារី រូបថត៖ ហ៊ុន យុទ្ធគុណ