អនុប្រធានទី១រដ្ឋសភា ចាត់ទុកសិក្ខាសាលា ស្តីពី “ការវិវត្តនៃវិស័យអប់រំបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា” ជាវេទិកាមួយដ៏សំខាន់

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃ រដ្ឋសភា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ បានរៀបចំសិក្ខាសាលាស្តីពី “ការវិវត្តនៃវិស័យអប់រំបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា” នៅវិមានរដ្ឋសភា។ ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋ សភាបានចាត់ទុកថា សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏សំខាន់ និងសមស្របតាមកាលៈ ទេសៈដើម្បីបង្កឱកាសដល់តួអង្គពាក់ព័ន្ធទាំងឡាយ ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទស្សនទានថ្មីៗ និងការពិភាក្សា ដើម្បីរំលេច និងស្វែងរកនូវគន្លឹះថ្មីៗក្នុងការជួយជ្រោមជ្រែង ដល់និស្សិត សិស្សានុសិស្ស មន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូ  បើកទូលាយនូវគំនិតថ្មីៗ បន្ថែមទៀត និងបង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដែលអាចឆ្លើយតបទៅនឹងបរិបទសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត ផ្សាភ្ជាប់និង និន្នាការសកលនៃយុគសម័យឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាង ជាមូលដ្ឋានសំខាន់មួយនៃដំណើរការអភិវឌ្ឍ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បញ្ជាក់ថា នៅសតវត្សរ៍ទី២១នេះ ពិភពលោកបានទទួល ស្គាល់នូវការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។  លើមូលដ្ឋាន នេះព្រះរាជាណាចក្រកម្ពុជា ក៏ត្រៀមខ្លួនសម្រាប់ដំណើរឈានទៅយុគសម័យឌីជីថល ដូចដែលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានចែងអំពីអទិភាពការងារសំខាន់ៗ ក្នុងនីតិកាលទី៦នេះ ដែលពាក់ព័ន្ធការលើកកម្ពស់គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។  ថ្ងៃនេះគណៈកម្មការទី៧រដ្ឋសភា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡារៀបចំ សិក្ខាសាលារយៈពេលមួយថ្ងៃ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង បទពិសាធន៍ល្អៗ និងទស្សនទានថ្មីៗ ដល់អ្នកពាក់ព័ន្ធទាំងឡាយបានយល់ជ្រួតជ្រាបបានយល់កាន់តែច្បាស់ អំពីការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលរៀបចំខ្លួន បានទាន់ពេលវេលា និងសមស្រប ដើម្បីទទួលផ្លែផ្កាពីយុគសម័យឌីជីថល។

ក្នុងស្មារតីនេះក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខ្ញុំស្នើដល់វាគ្មិន អ្នកឯកទេស  និងអ្នកចូលរួមទាំងអស់ ចែករំលែកបទពិសោធន៍ និងការ ប្រមូលគំនិត យោបល់ ទស្សនៈជាគន្លឹះនានា ក្នុងទិសដៅចូលរួមចំណែកក្នុងការរៀប ចំគោល នយោបាយ  ការរៀបចំផែនការសកម្មភាព និងវិធានការនានា ក្នុងវិស័យអប់រំឱ្យកាន់ តែចំទិសដៅ មានលក្ខណៈសមស្រប និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ចំណេះដឹងដល់ យុវជនជំនាន់ក្រោយឱ្យកាន់តែមានចំណេះដឹង ជំនាញ បំណិន និងសីលធម៌ខ្ពស់ស្រប តាមចតុស្តម្ភទាំងបួន នៃការអប់រំគឺ «រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បី ក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា» និងលើសពីនេះទៀតរៀនដើម្បី មានសមត្ថភាពពេញលេញសម្រាប់យុគសម័យឌីជីថល៕

ដោយ ប៉ាល់ សុង