ឯកឧត្តម វ៉ា ថន ចុះសួរសុខទុក្ខក្រុម​ការងារ​ និង​ប្រជាពលរដ្ឋ​ក្នុង​ចំណុច​ដី​សម្បទាន​សង្គម​កិច្ច​ក្នុង​ឃុំ​២ធ្នូ​ ស្រុក​ស្នួល

AKP ក្រចេះ ថ្ងៃទី២២​ ខែមេសា ​ឆ្នាំ២០១៩ -ឯកឧត្តម​ វ៉ា​ ថន​ អភិបាល​នៃគណៈអភិបាលខេត្ត​ក្រចេះ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​ការងារ​ចម្រុះ​ចុះ​ជួយ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ ក្នុង​ចំណុច​ដី​សម្បទាន​សង្គម​កិច្ច​ឃុំ​២ធ្នូ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ កាលពីថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៩ ។

តាមប្រភពព័ត៌មានពីសាលាខេត្តបានឱ្យដឹងថា  ក្រុមការងារចម្រុះដែលចុះមកការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទទួលដី​សម្បទាននៅក្នុងទឹកដីឃុំ២ធ្នូ ស្រុកស្នួលនោះ គឺដឹក​នាំ​ដោយ​ លោក ខ័ណ្ឌ​ ចំណាន​ អភិបាលរងខេត្តក្រចេះ​ និងជាប្រធាន​ក្រុម​ការងារ​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ស្រុក​ស្នួល​ ដែលបាននិងកំពុងធ្វើការងារសម្របសម្រួលនៅលើដីសម្បទានសង្គមកិច្ចនោះ ។

ឯកឧត្តម​ វ៉ា​ ថន​ អភិបាល​នៃគណៈអភិបាលខេត្ត​ បាន​មាន​ប្រសាសន៍​ដោយបានជំរុញ​ដល់​ក្រុមការងារ ត្រូវពន្យល់ ណែនាំប្រជាពលរដ្ឋ​ទទួល​ដី​សម្បទានទាំងអស់​ ត្រូវ​តែចូល​រួមឱ្យ​បានសកម្ម​ជាមួយ​ក្រុម​ការងារ​ ក្នុង​ការ​ចូល​កាន់កាប់​ ប្រើប្រាស់​ ធ្វើ​របង​​ តាំង​ទី​លំនៅ​ក្នុងដី​ឡូតិ៍​ និង​ត្រៀម​ពូជ​ដំណាំ​សម្រាប់​ដាំ​ឱ្យ​ទាន់រដូវ​​វស្សា​ខាងមុខនេះ​ ហើយ​ក្នុង​នោះ​​ក្រុម​ការងារ​ចម្រុះ​ដែល​ប្រចាំការនៅ​ទី​នេះ​ស្រាប់ គឺមាន​ភារកិច្ច​បោះ​ជំរុំ​ស្នាក់នៅ​សម្របសម្រួល​ គ្រប់គ្រង​ ជំរុញ​ និង​រក្សា​សុវត្ថិភាព​ជូន​បងប្អូន​ទាំង​អស់​​ ព្រោះ​ថាប្រជាពលរដ្ឋជា​អ្នក​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ស្របច្បាប់​។

ឆ្លៀតក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ វ៉ា​ ថន​ អភិបាលខេត្ត បាន​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​មាន​ដូច​ជា​ សាច់​គោ​ ២៥គីឡូក្រាម​ ត្រី​ ២៥គីឡូក្រាម​ បន្លែ​៣ ការុង ទឹក​បរិសុទ្ធ​២០០ យួរ​ និង​ថវិកា​ ៣លាន​រៀល ជូនចំពោះក្រុម​ការងារ​ចម្រុះ​ផងដែរ​ ៕

​ដោយ ជួន សុជាតិ