ម​ន្រ្តី​ជាន់​ខ្ពស់ក្រសួង​អប់រំអះអាងថា ការបង្កើតឱ្យមានថ្នាក់ប្រឡងសិស្សពូកែ គឺជាយន្តការ ក្នុងការជំរុញឱ្យមានការផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

AKP សៀមរាប ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ -នៅក្នុងពិធីប្រកាសបើកការប្រឡងជ្រើសរើស​សិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៩ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ កាលពីរសៀលថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅក្នុងបរិបទនៃសង្គមពុទ្ធិត្រូវបានចែងក្នុងមុំមួយនៃយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្របខ្លួនទៅ នឹងការវិវឌ្ឍរបស់ពិភពលោក និងតំបន់។ ជាពិសេសគឺការសម្រេចឱ្យបានចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែង ខណៈបច្ចុប្បន្ននេះបច្ចេកវិទ្យានិងវិទ្យាសាស្ត្រទំនើប មានសន្ទុះរីកចម្រើនខ្លាំង ដែលជាហេតុផលនាំឱ្យនិន្នាការពិភពលោក និងបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់បណ្តុះបណ្តាលជួរអ្នកប្រាជ្ញជំនាន់ថ្មី-វ័យក្មេងឱ្យមានសមត្ថភាព តាមទាន់របត់នៃចំណេះដឹងវិទ្យាសាស្រ្តជឿនលឿន ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមជាតិនីមួយៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបន្តថា ប្រសាសន៍ដ៏មានតម្លៃនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែលធ្លាប់មានប្រសាសន៍កន្លងមកថា ទោះបីប្រទេសជាតិសម្បូរទៅដោយធនធានធម្មជាតិច្រើនយ៉ាងណាក្តី តែបើប្រទេសជាតិនៅមានកង្វះធនធានមនុស្សនោះ ធនធានធម្មជាតិ និងកំណប់នៅក្នុងដីទាំងប៉ុន្មាន វាគ្មានប្រយោជន៍អ្វីនោះទេ ព្រោះថាកំណប់ដែលជីកយកបានពីក្នុងខួរក្បាលមនុស្ស គឺប្រសើរជាងកំណប់ដែលជីកយកបានពីក្នុងដី ។

ឯកឧត្តមបានបញ្ជាក់ថា  ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនេះ ក្រសួងអប់រំ និងរាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់សំខាន់ចំពោះយុវជនដែលមានទេពកោសល្យខ្ពស់ ពូកែ ដែលជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ និងជាអ្នកស្នងសម្រាប់អនាគត ដោយបានបង្កើតឱ្យមានថ្នាក់សិស្សពូកែ ទៅតាមលទ្ធភាពជាក់ស្តែង នៃគ្រឹះស្ថានមធ្យមសិក្សានេះឡើង ។ ជារៀងរាល់ឆ្នាំក្រសួងអប់រំ បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រកបដោយជោគជ័យ ហើយជាគោលការណ៍ គឺត្រូវជ្រើសរើសយកជ័យលាភីសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ ទី១២ ចំនួន១០នាក់ ក្នុងមួយមុខវិជ្ជា និងមួយកម្រឹតថ្នាក់ ។ ការបង្កើតថ្នាក់ប្រឡងសិស្សពូកែនេះ គឺជាយន្តកាមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានការផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ។

លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា សម័យប្រឡងចាប់ផ្តើមផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩  មានបេក្ខជន បេក្ខនារីជាសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៤៨០នាក់ មកពីបណ្តារាជធានី-ខេត្តទាំង២៥ទូទាំងព្រះរាជាណាចក្រកម្ពុជា មកចូលរួមប្រឡង ផ្នែកអក្សរសិល្ប៍ខ្មែរ  គណិតវិទ្យា និងរូបវិទ្យា ដើម្បីដណ្តើមយកជ័យលាភី ។ នេះគឺជាសម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ហើយក៏ជាលើកទី៦ផងដែរ សម្រាប់ខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡងនេះ ។

សិស្សានុសិស្សដែលជាបេក្ខជនបេក្ខនារីសិស្សពូកែទាំង ៤៨០នាក់ គឺមកពី ២៤៦សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុបចំនួន ១.៧៧១ នៅទូទាំងប្រទេស។ ជាការកត់សម្គាល់ ឆ្នាំ២០១៩នេះ មានគ្រឹះស្ថានមធ្យមសិក្សាថ្មីចំនួន២០បន្ថែមទៀត បានបញ្ជូនបេក្ខជនឱ្យចូលរួមប្រឡង ។ លោកបានបញ្ជាក់ថា ចំនួនបេក្ខជនតាមរាជធានី-ខេត្ត ត្រូវបានកំណត់តាមមុខវិជ្ជា និងយកតាមសមាមាត្រនៃចំនួនសិស្សដែលកំពុងសិក្សាជាក់ស្តែង លើកលែងតែខេត្តតូច ៗ ក្រសួងបានអនុញ្ញាតឱ្យបញ្ជូនបេក្ខជន ចំនួន១នាក់ក្នុងមួយមុខវិជ្ជា និង ក្នុងមួយកម្រិតថ្នាក់ ៕

ដោយឃុត សៅ