ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយ​ខ្យល់កន្ត្រាក់នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ​ខែមេសា ​ឆ្នាំ២០១៩ -ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន៣២៧​គ្រួសារនៅខេត្តបន្ទាយមានជ័យបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដើម្បីជួយរម្លែកដល់ការខ្វះខាតក្នុង​ជីវភាពគ្រួសារបានមួយចំណែក។

ថ្លែងក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣២៧​គ្រួសារដែលមកពីស្រុកស្វាយចេក, មង្គលបូរី, សិរីសោភ័ណ, និងក្រុងប៉ោយប៉ែត ដែលបាន​ធ្វើឡើងនៅសាលាបឋមសិក្សាតាប៉ែន ស្រុកស្វាយកាលពីថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន​សម្តែងនូវការសោកស្តាយ ចំពោះភាពមហន្តរាយដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាល​ពីពេលថ្មីៗកន្លងមកនេះ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជា ពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយបញ្ហាគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់នេះ ជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែល បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា អនុ សាខាកាកបាទក្រហមកម្ពុជា ឱ្យជួយតាមដានបញ្ហាគ្រោះធម្មជាតិនេះដើម្បីអាចជួយដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានោះ។

ជាមួយនោះដែរឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់នៅខណៈមានភ្លៀង ខ្យល់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែលមានសុវត្ថិភាព ខ្ពស់ដើម្បីធានាដល់អាយុជីវិត ​។

​នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ កែ គឹមយ៉ាន បាននាំយកអំណោយ របស់​សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចែកជូនប្រជាពលរដ្ឋទាំង៣២៧ គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ឃីត១រួមមាន  អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេស, ប្រេងឆា ១លីត្រ, ទឹកស៊ីអ៊ីវ ៣ដប, នំធុង១ធុង, ទឹកបរិសុទ្ធ១កេស, មុង១, សារុង២, ក្រមា១, ភួយ១ និង ថវិកា៥ម៉ឺនរៀល។ ជាមួយនោះដែរឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ក៏បាន នាំយកអំណោយផ្ទាល់ខ្លួន ដែលមានសង្ក័សី ៦.០០០សន្លឹក ដើម្បីប្រក់ផ្ទះដែលរងការខូចខាត មីចំនួន ២៤០កេស និងថវិកាមួយចំនួនទៀតចែកជូនដល់អង្គភាពក្រុមការងារដែលបាន ចុះជួយប្រជាពលរដ្ឋដោយសារគ្រោះខ្យល់កន្ត្រាក់​នេះ៕

ដោយ ឈុន សារ៉ាត