ស្ថានទូតចិន ប្រតិកម្មឆ្លើយតបចំពោះការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិក ស្ដីពីទំនាក់ទំនង និងដៃគូពាណិជ្ជកម្មរវាងចិន និងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ —

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចេញសេច​ក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងស្ថានទូតសហរដ្ឋអាមេរិក ដែលបានលើកឡើងអំពីទំនាក់​ទំនង ពាណិជ្ជកម្មរវាងកម្ពុជា-ចិន និង​រវាងកម្ពុជា-សហរដ្ឋអាមេរិក។

ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនបានគូសបញ្ជាក់ថា “សហរដ្ឋអាមេរិកកំពុងតែបង្ក​បញ្ហាម្តង​ទៀត​ជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅ​ក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើ​ដំណើរហួសពី​កម្រិត​​ទ្វេ​ភាគី”។ ក្នុងសេចក្ដីថ្លែងការណ៍បានបន្ដថា នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជា​បាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់​ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។

ក្នុង​សេចក្ដីថ្លែងការណ៍បានបន្ថែមថា “អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រទេសចិនបានកសាង​ផ្លូវចំនួន​៣១ខ្សែ និងស្ពានចំនួន៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣.០០០​គីឡូម៉ែត្រ។ ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជា​សម្រាប់វិស័យ​មួយ​នេះ។” សេចក្ដីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា ចិនបានជួយកសាងស្ថានីយវារី​អគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០ភាគរយ នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែល​មានដំណើរការនៅកម្ពុជា)។  ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?”

ការចេញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិននេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ តាមរយៈគេហទំព័រ​ហ្វេស​ប៊ុករបស់ខ្លួន ​បានចេញរបាយការណ៍ស្ដីពីដៃគូពាណិជ្ជកម្មរវាងកម្ពុជា-ចិន និង​ រវាងកម្ពុជា-សហរដ្ឋអាមេរិក ​ក្នុងឆ្នាំ២០១៧កន្លងមក។

ក្នុងរបាយការណ៍ចេញផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះ ចំណេញ ខ្លាំងទៅខាងប្រទេសចិន។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ប្រហែល ៨៧ភាគរយ នៃទំនិញ​ដោះដូរគ្នា​គឺជាទំនិញនាំ​ចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយ​ដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាព​អឺរ៉ុបនោះទេ។ របាយការណ៍ដដែលបានបន្ថែមទៀតថា “នេះគ្រាន់តែជាផ្លូវមួយទៀត​ដែល​ប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈ​ចម្រុះ​ច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន”។

ពាក់ព័ន្ធនឹងការលើកឡើងក្នុងរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកនេះដែរ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរថា “ប្រហែលមានតែនៅ​ស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេស​ម្ចាស់​ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង”។ ឯកឧត្តមរដ្ឋមន្រ្ដីបានសរសេរ​​បន្ដថា អ្នក«វិភាគ» នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជា​មួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ «ភ្លេច» បង្ហាញរឿងមួយដ៏​សំខាន់​នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើ​មាន​ប៉ុន្មាន? ឯកឧត្តមបានសរសេរបន្ថែមទៀតថា “យើងមានតែចង់កសាងទំនាក់ទំនងល្អជា​មួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនង​នេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ”៕

ដោយ អ៊ុន រិទ្ធី