ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិអណ្តែត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ — មហាកុដមួយខ្នងកម្ពស់០២ជាន់  ផ្លូវបេតុង០១ខ្សែ ប្រវែង៣០០ ម៉ែត្រ និងសមិទ្ធផល​នានា​ដែលចំណាយអស់ទឹកប្រាក់សរុបចំនួន១៥៥.៨៧៥ដុល្លារអាម៉េរិក នៅក្នុងវត្តពោធិអណ្តែត ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ បានធ្វើ​ឡើង កាលពីព្រឹកថ្ងៃសៅរ៍ ១រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២  ត្រូវនឹង​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត​ដែល​បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងផ្លូវបេតុងមួយខ្សែបម្រើឱ្យការធ្វើដំណើររបស់ពុទ្ធបរិសុទ្ធ និងប្រជាពលរដ្ឋបានធ្វើដំណើរក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទន្ទឹមនឹងទទួល​បាននូវសមិទ្ធផលថ្មីយើងត្រូវនាំគ្នាថែរក្សាសមិទ្ធិផលទាំងអស់នេះ ដើម្បីការប្រើប្រាស់​បាន​យូរអង្វែង ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។  ឯកឧត្តមបានថ្លែងអំណរគុណដល់​អាជ្ញាធរឃុំ ស្រុក ខេត្ត បាននិងកំពុងដឹកនាំធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុងមូលដ្ឋាន​មានការ​រីកចម្រើនគួរឱ្យកត់សម្គាល់ទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ។ ពិសេសខេត្តព្រះ សីហនុ មាន​ការ​អភិវឌ្ឍរីកចម្រើនយ៉ាង គំហុក ដែលមានសំណង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះ​សំណាក់ ជាច្រើនកំពុងរីកដុះដាលក្នុងខេត្តមាត់សមុទ្រ ហើយសង្ឃឹមថា ខេត្តព្រះសីហនុ និង​ប្រែក្លាយមុខមាត់ថ្មីបន្ថែមទៀតនៅពេលខាងមុខ ៕

ដោយ ងូ សុមុនី