អគ្គនាយកគយ និងរដ្ឋាករកម្ពុជាស្នើឱ្យអាជីវករ ពាណិជ្ជករចូលរួមបំពេញកាតព្វកិច្ចបង់ ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណូលចូលថវិកាជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ​នាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជាបានស្នើឱ្យអាជីវករ ពាណិជ្ជករ ដែលកំពុងតែធ្វើពាណិជ្ជកម្ម និងអាជីវកម្ម ត្រូវចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណូលចូល ថវិកាជាតិ និងធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនថែមទៀត។ ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP  ឯកឧត្ដម​បណ្ឌិត គុណ ញឹម បានជំរុញដល់អាជីវករ ពាណិជ្ជករ សូមចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដែលជាផ្នែកមួយក្នុងការកសាង ពង្រឹងនូវវប្បធម៌បង់ពន្ធ ពីព្រោះពន្ធអាករគឺជាប្រភពចំណូល​យ៉ាង​សំខាន់សម្រាប់ចូលថវិកាជាតិ ដែលរាជរដ្ឋាភិបាលប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍ​ប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អជីវភាពមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយដំឡើងប្រាក់បៀរវត្សរ៍ជាបន្ដបន្ទាប់ ស្របពេលដែលចំណូលថវិកាជាតិមានភាព​ល្អ​ប្រសើរ និងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបណ្ឌិតបានបន្ដថា កិច្ចដំណើរការ នៃការកំណែទម្រង់ និងទំនើបកម្មគយ និងរដ្ឋាករកម្ពុជាគឺជាការវិវត្ដន៍ទៅមុខ ដែលពីពេល មួយទៅពេលមួយបានរៀបចំជាលិខិតបទដ្ឋានគតិយុត្ដផ្សេងៗ ក្នុងនោះរួមមានអនុក្រឹត្យ ប្រកាស និងច្បាប់ ដែលទាំងអស់គ្នាត្រូវចូលរួមអនុវត្ដន៍ និងគោរពតាម ជាពិសេស វិស័យ ឯកជនដែលធ្វើពាណិជ្ជកម្ម។ ដូច្នេះ ពាណិជ្ជករ អាជីវករ ត្រូវឈ្វេងយល់ឱ្យបានច្បាស់​អំពី​លិខិត​បទដ្ឋាននានាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ចំពោះការផលិត ការនាំចូល ការចែកចាយ​នូវ ទំនិញគ្មានពន្ធគឺជាបទល្មើស ដែលត្រូវរងនូវការពិន័យតាមច្បាប់ជាធរមាន ហើយបើពាក់ព័ន្ធ ទៅនឹងការចរាចរណ៍ ការនាំចូល ចែកចាយ​ទំនិញហាមឃាត់ នឹងកាន់តែ មានទោសរហូត ដល់ព្រហ្មទណ្ឌតាមផ្លូវតុលាការថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតក៏បាន សំណូមពរដល់រាល់ប្រតិបត្តិករពាក់ព័ន្ធនឹងពាណិជ្ជកម្ម អាជីវកម្ម ត្រូវគោរពតាមច្បាប់ ចូលរួម ទាំងអស់គ្នាក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ និងប្រកាន់ភ្ជាប់នូវស្មារតីថា ការបង់ពន្ធគឺជាការ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិយើង។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុង​​រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានប្រមូល​ចំណូល​ពន្ធបានប្រមាណ៧១២លានដុល្លារ បើប្រៀប​ធៀប​ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺតួលេខនេះ មានកំណើនប្រមាណ២០ភាគរយ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង