ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យព្រឹទ្ធសភាខេត្តស៊ីឈួន ជួយកៀរគរអ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យព្រឹទ្ធសភាខេត្តស៊ីឈួន ប្រទេស ចិនជួយកៀរគរអ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈខេត្ដស៊ីឈួនមាន គម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជានៅពេលឆាប់ៗនេះ។ ស្របពេលរាជ រដ្ឋាភិបាលកម្ពុជា ជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តស្វះស្វែងរកមិត្តភក្តិ និងដៃគូ ពាណិជ្ជកម្ម ក៏ដូចជាវិនិយោគិនជាតិអន្តរជាតិ ឱ្យមករកស៊ីនៅកម្ពុជាកាន់តែច្រើន ដើម្បីបន្ត កំណើនសេដ្ឋកិច្ចប្រទេស និងលើកកម្ពស់ជីវភាពប្រសើរឡើងរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង  បានស្នើបែបនេះដល់គណៈប្រតិភូនៃព្រឹទ្ធសភាខេត្តស៊ីឈួន ប្រទេសចិន ក្នុងឱកាសឯកឧត្ដម ទទួលជួបសម្ដែងការ គួរសមពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានី ជាមួយឯកឧត្ដម ជុង មាន អនុប្រធានព្រឹទ្ធសភា នៃខេត្តស៊ីឈួនចិន។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា  ប្រទេសកម្ពុជានៅ ពេលនេះ មានការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយបានធ្វើឱ្យ សេដ្ឋកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសជីវភាពប្រជាពលរដ្ឋ មានភាពប្រសើរឡើងជាលំដាប់។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យឯក ឧត្ដមអនុប្រធានព្រឹទ្ធសភា នាំនូវដំណឹងនេះទៅផ្សព្វផ្សាយដល់ប្រជាជន និងអ្នកវិនិយោគ នៅខេត្តស៊ី ឈួន ឱ្យមកឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត។

ឯកឧត្ដម ជុង មាន បានមានប្រសាសន៍ថា  រាជធានីភ្នំពេញមានការរីកចម្រើន ជាពិសេសសំណង់អគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនា សម្ព័ន្ធ មានការរីកព្រោងព្រាតយ៉ាងឆាប់រហ័ស។ តបតាមសំណើ និងសេចក្តីត្រូវការខាងលើ គណៈប្រតិភូនឹងនាំនូវដំណឹងដ៏ល្អនេះទៅផ្សព្វផ្សាយក៏ដូចជាជំរុញឱ្យអ្នកវិនិយោគខេត្តស៊ីឈួនបន្តមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

ឯកឧត្ដម ជុង មាន បានបន្តថា ក្នុងពេលនេះក៏មានគណៈប្រតិភូអ្នកវិនិយោគ វ័យក្មេង ខេត្តស៊ីឈួនមួយក្រុម បាន និងកំពុងជួបពិភាក្សាជាមួយដៃគូវិនិយោគកម្ពុជា ដើម្បីឈ្វេង យល់ពីឱកាសមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការរបស់ អ្នកវិនិ យោគកម្ពុជា និងខេត្តស៊ីឈួន ដែលមានការកើនឡើងជាហូរហែ រដ្ឋបាលខេត្តស៊ីឈួន មាន គម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជាឱ្យបានជារៀងរាល់ថ្ងៃ ខណៈដែល បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៤ជើងក្នុងមួយសប្តាហ៍។

ឯកឧត្ដម ជុង មាន បានបន្តទៀតថា អនុវត្តន៍តាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវាត់មួយ ប្រទេសចិនមានគោលដៅចាប់យកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលត្រូវជំរុញ ទំហំ ពាណិជ្ជកម្ម ជាពិសេសទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងខេត្តស៊ីឈួន ឱ្យបានកើនឡើង ថែមទៀត ស្របពេលបច្ចុប្បន្នមានតែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ។

ឯកឧត្ដមក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៊ីឈួនថា ខ្លួនបានត្រៀមរួចជា ស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តនេះ។ លើសពីនេះ ក៏បានសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន ពិសេស ក្រុមហ៊ុនទាំង៧ ដែលបានចុះ MOU ជាមួយកម្ពុជា លើវិស័យទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និងហេដ្ឋា រចនាសម្ព័ន្ធ រួចហើយនោះ។

ឯកឧត្ដម ជុង មាន ក៏បានសំណូមពរឱ្យមានការធ្វើទំនាក់ទំនង រវាងមន្រ្តីរដ្ឋបាល រាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលខេត្តស៊ីឈួន ឱ្យបានយ៉ាងស្អិតរមួត ហើយចង់ឱ្យមានកិច្ច សហប្រតិបត្តិការ រវាងរាជធានីភ្នំពេញនិងទីក្រុងណាមួយនៃខេត្តស៊ីឈួន និងបង្កើនការ បណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ ឱ្យបានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយថែមទៀត៕

ដោយ សួស សំរិត