តំបន់កៀនស្វាយ ចាប់ផ្ដើមមានរមណីយដ្ឋានបែបធម្មជាតិបៃតងខ្នាតធំ ដែលវិនិយោគដោយ​ក្រុមហ៊ុនចិន លើផ្ទៃដី១៤ហិកតា

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ — រមណីយដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេរមេគង្គក្រោម ដែលស្ថិតក្រោមការវិនិយោគពី​ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទើដីជាង១៤ហិកតា បាន​ប្រកាសបើក​ដំណើរការជាផ្លូវការហើយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីផ្តល់នូវបទ​ពិសោធន៍ដល់ទេសចរណ៍ថ្មីបែបធម្មជាតិ ដល់ភ្ញៀវទេសចរ។លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីបើក ដំណើរ​ការជាផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ក្នុងដំណាក់កាលទី១ ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែបអេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមាន បង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។ លោកបន្តថា មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ នឹងអាចចូលរួម ចំណែក​ឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់​សម្រាក ជាពិសេសទេសចរចិន ដែលកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។ លោកបាន​លើកឡើងទៀតថា ក្នុងដំណាក់កាលទី១នេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បានបើក​ដំណើរ​ការនូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូន អតិថិជនជាពិសេសនូវ​បទពិសោធន៍សេវាកម្មដ៏សម្បូបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VRដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារ​ឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើក​ឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ភ្ញៀវទេស​ចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ រាជធានី​ភ្នំពេញ និងខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាននិងកំពុងរៀបចំ និងអភិវឌ្ឍន៍រមណីយដ្ឋាន បែបវប្បធម៌ និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។ លោកជំទាវបន្តថា “យើងចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា មិនត្រឹម តែទស្សនាត្រឹមតែ ប្រាង្គប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណាឱ្យមានកន្លែង កម្សាន្តថ្មីៗឱ្យ​បានច្រើន ដើម្បីអាចទាញចំណូលឱ្យបានច្រើនពីវិស័យទេសចរណ៍”។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយ មាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះ សាងសង់ ឡើងនៅលើផ្ទៃដីជាង១៤ហិកតា៕

ដោយ ម៉ៅ ចរិយា