រដ្ឋមន្រ្ដីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបំពេញបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូតហ្វីលីពីន នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ក្នុង រយៈ​ពេល​៤​ឆ្នាំមកនេះ ក្នុងការចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្ដិការលើ គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរកម្ពុជា និងហ្វីលីពីន។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯក ឧត្ដម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំ​កម្ពុជា ក្នុងឱកាសជម្រាបលា និងបញ្ចប់អាណត្ដិបេសកកម្មការទូតនៅកម្ពុជា កាលពីព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍វាយតម្លៃខ្ពស់​ចំពោះ​លទ្ធផលការងារប្រកបដោយផ្លែផ្កា ក្នុងអាណត្តិបេសកកម្មការទូតប្រចាំកម្ពុជារបស់​ឯកឧត្ដម Christopher Baltazar MONTERO ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីក​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក គ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា ហ្វីលីពីន បានកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងនូវចំណុច ការងារសំខាន់ៗ មួយចំនួន ដែលធ្លាប់បំពេញជាមួយគ្នារវាងកម្ពុជា និងហ្វីលីពីន ក្នុងរយៈពេល កន្លងមក ដោយទទួលបានលទ្ធផលជាវិជ្ជមាន ជាពិសេសលើការងារការទូត។

ឯកឧត្ដម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បានសម្ដែងនូវការរីករាយ ដែលបានមកបំពេញបេសកកម្មការងារការទូតរយៈ​ពេល៤ ឆ្នាំនៅកម្ពុជា ហើយសម្រេចបាន លទ្ធផលការងារល្អ ពិសេសទទួលបានការគាំទ្រ និង កិច្ចសហការពីគ្រប់បណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងព័ត៌មាន ផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិ ការល្អរវាងប្រទសហ្វីលីពីន និងកម្ពុជា មានតាំងពីយូរមកហើយ ពិសេសក្នុងដំណើរទស្សន កិច្ចជាផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា នាពេលកន្លងមក ក៏ដូចជាកីឡា​ប្រដាល់ពិភពលោក ប៉ាគីអៅ របស់ហ្វីលីពីន ដែលជាការបង្ហាញនូវកិច្ចទំនាក់ទនងដ៏ល្អ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានលើកពីចំណាប់អារម្មណ៍ និងការយល់ ឃើញនូវចំណុចមួយ ទាក់ទងទៅនឹងសហគមន៍អាស៊ាន ដែលមានបណ្តាប្រទេសមួយចំនួន មិនបានប្រើប្រាស់ភាសាអង់គ្លេសឱ្យបានទូលំទូលាយ ដើម្បីឱ្យមានការយល់ដឹងពីអាស៊ាន បានកាន់តែស៊ីជម្រៅ ដែលប្រការនេះ ត្រូវមានការជំរុញឱ្យបានដឹងបន្ថែមទៀត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា