សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

AKP សៀមរាប ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា  អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឃុំចំនួន២ នៃស្រុកពួក គឺឃុំដូនកែវ រលំផ្ទះ៣ខ្នង របើកដំបូល ចំនួន៦ខ្នង និងឃុំរើលរលំផ្ទះ២ខ្នង របើកដំបូល៧ខ្នង។អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង១៨គ្រួសារនោះ សម្រាប់ គ្រួសាររលំផ្ទះក្នុងមួយគ្រួសារៗទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខកំប៉ុង១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។ ចំពោះគ្រួសារ ប៉ះពាល់ខ្លាំងក្នុងមួយគ្រួសារទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក មី១កេស ត្រីខកំប៉ុង១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

លោកជំទាវ ទាង អេង បានសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូន ដែល បានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យរលំផ្ទះ។ លោកជំទាវ បានឱ្យដឹងទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនបានទុកឱ្យបងប្អូនប្រជាពលរដ្ឋរង ការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

លោកជំទាវ ទាង អេង បានមានប្រសាសន៍បន្ថែមថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងទំហំនៃការខូចខាត និងការខ្វះខាតរបស់បងប្អូន ដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និងសម្រាលដល់ការលំបាករបស់បងប្អូន បានមួយរយៈ ផងដែរ។ លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេល ដែលមានប្រធានស័ក្តិណាកើតឡើង សូមឱ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និងមាន ភ្លៀង ផ្គររន្ទះ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិកដែលងាយ បង្កភាពគ្រោះថ្នាក់ដល់ខ្លួន។

ឆ្លៀតក្នុងឱកាសពីជួបសំណេះសំណាល ជាមួយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃនោះដែរ លោកជំទាវ និងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខកុមារា រឿន ផាន់ណា អាយុ៨ឆ្នាំ រស់នៅក្នុងភូមិទឹកជប់ ឃុំប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយរលាកភ្លើងពេលចាក់សាំងម៉ូតូ ហើយកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ហើយលោកជំទាវក៏បានជូននូវអំណោយ មនុស្សធម៌ មានមុង១ ភួយ១ សារុង១ ក្រមា១ មី១កេស និងថវិការមួយចំនួនផងដែរ៕

ដោយ ហង្ស សៀក