អនុប្រធានទី១រដ្ឋសភាសំណូមពរឱ្យសភាខេត្តស៊ីឈួន ជួយផ្សព្វផ្សាយដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ​ឆ្នាំ២០១៩ -ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានសំណូមពរឱ្យគណៈប្រតិភូសភាខេត្តស៊ីឈួន ប្រទេសចិន ជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជាបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។

ការសំណូមពរនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាចិនខេត្តស៊ីឈួន ដឹកនាំដោយឯកឧត្តម ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សានយោបាយខេត្តស៊ីឈួន ប្រទេសចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានស្វាគមន៍ និងបានបញ្ជាក់ពីទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ដែលបានសហការគ្នាយ៉ាងល្អទាំងក្នុងក្រប​ខ័ណ្ឌពហុភាគី និងក្របខ័ណ្ឌទ្វេភាគី។ សភាទាំងពីរបានសហការគ្នាដោយបានគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិនានា  ហើយថ្នាក់ដឹកនាំ នៃសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើនលើកជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សភាប្រជាជនចិន ដែលបានផ្តល់ជំនួយជាសម្ភារនិងថវិកាជាច្រើនដល់រដ្ឋសភាកម្ពុជានាពេលកន្លងមក។ នៅក្នុងអាណត្តិទី២សភាចិនបានផ្តល់ ថវិកាសម្រាប់សាងសង់អគារគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភាកម្ពុជា។ ក្រៅពីនេះចិនក៏បានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ តាមរយៈការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក្នុងកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើជំនាញផ្សេងៗដូចជា៖ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ ជំនាញកុំព្យូទ័រ ជំនាញភាសាចិន។ល។ រដ្ឋសភាកម្ពុជា សូមវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់កម្ពុជាកិច្ចសហប្រតិបត្តិការនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគមានការរីកចម្រើនយ៉ាងខ្លាំង ធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា។ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី និងវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា។ នៅឆ្នាំ២០១៧ភ្ញៀវ ទេសចរចិនបានមកកម្ពុជាមានចំនួន ១,២លាននាក់ ហើយអាចនឹងកើនដល់ ២លាននាក់នៅឆ្នាំ២០២០។ វិស័យទេសចរណ៍បានបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ និងបាននាំមកនូវចំណូលរាប់លានដុល្លារអាម៉េរិក ដែលក្នុងនោះមានការរួមវិភា​គទានយ៉ាងសំខាន់ពីភ្ញៀវទេសចរចិន។ ទស្សនកិច្ចរបស់ឯកឧត្តមប្រធាន និងគណៈប្រតិភូនៅពេលនេះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមសំណូមពរឯកឧត្តមប្រធាន និងសហការី ជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ព្រោះថាបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។

ឯកឧត្តមជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សានយោបាយខេត្តស៊ីឈួន ប្រទេសចិន បានសម្តែងភាពរីករាយនូវការរីកចម្រើនរបស់ប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្នុងបំណងឈ្វេងយល់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ទាក់ទងការវិនិយោគ ក៏ដូចជាវប្បធម៌ និងការអប់រំផងដែរ។ ឯកឧត្តមប្រធានគណៈប្រតិភូបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពស្អិតល្មួត ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីពីង ក៏ដូចជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយទំនាក់ទំនងនេះ បច្ចុប្បន្នបានក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបន្តថា នៅក្នុងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនាមសភាប្រជាជនចិន ក៏ដូចជាក្រុមប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាសភារបស់កម្ពុជា គឺសុទ្ធតែគាំទ្រសហការ និងជំរុញការអភិវឌ្ឍ។ តំណាងឱ្យក្រុមប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាការបរទេសចិន នឹងខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងសភាកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការទាក់ទងប្រជាជន និងប្រជាជន ដើម្បីជំរុញឱ្យទំនាក់ទំនងវប្បធម៌ និងប្រពៃណី នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត អនុប្រធានទី១រដ្ឋសភាកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូឯកឧត្តមបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះផងដែរ៕

ដោយ ប៉ាល់ សុង