សហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅយកឈ្នះមេដាយសំរឹទ្ធិឱ្យបានពីរ ក្នុងការការទទួលធ្វើ​ម្ចាស់ផ្ទះជើង​ឯកយុវជនអាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​​ — អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានបង្ហាញឱ្យឃើញនូវការដាក់​គោលដៅថាយ៉ាងហោចណាស់ត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងមេដាយសំរឹទ្ធិ ឱ្យបានពីរគ្រឿង នៅក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ នាខែមិថុនា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។

លោកអះអាងថា សម្រាប់វិស័យកីឡាហែលទឹកផ្នែកយុវជន គឺបណ្តាប្រទេសនានាក្នុង តំបន់មានភាពរីកម្រើនខ្លាំងក្លា ខណៈកម្ពុជាក៏កំពុងខិតខំដូចគ្នា ប៉ុន្តែគឺស្ថិតនៅក្នុងកម្រិត​កំពុងអភិវឌ្ឍន៍នៅឡើយ ដូច្នេះថ្នាលយុវជនហែលទឹកកម្ពុជា ក្រោមការលើកទឹកចិត្តយ៉ាងខ្លាំង ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហ ព័ន្ធខ្មែរកីឡាហែលទឹក​កំពុងសម្រួច​គោលដៅបង្កើនគុណភាពកីឡាហែលទឹកឱ្យបានល្អប្រសើរ ដោយត្រូវធ្វើ យ៉ាងណាឱ្យ​ឈ្នះ​មេដាយសំរឹទ្ធិឱ្យបាន២គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ជើងឯកយុវជនអាស៊ី អាគ្នេយ៍ ឆ្នាំ២០១៩។

លោកបានបន្ថែមថា នេះគឺជាគោលដៅចម្បងមុនពេលឈានទៅប្រជែងមេដាយក្នុង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩, ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ជាពិសេសគឺស៊ីហ្គេម លើកទី៣២ នា ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជា​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះនោះ។ លោក ហែម គីរី បានបញ្ជាក់ទៀតថា  សម្រាប់ការធ្វើម្ចាស់ផ្ទះ ជើង​​​ឯកយុវជនអាស៊ីអាគ្នេយ៍ នាអំឡុងពីរខែខាងមុខនេះ គឺបណ្តាប្រទេសដែលចូលរួមមាន​កីឡាករ កីឡាការិនីវ័យក្មេងពូកែៗខ្លាំង ដោយពួកគេរីកចម្រើនរួចហើយ ដោយនៅពេល ប្រកួត​គេ​គ្រាន់ជ្រើសរើសយកអត្តពលិកដែលខ្លាំងមកប្រកួតប៉ុណ្ណោះ។

ប៉ុន្តែវិស័យកីឡា ហែលទឹក​កម្ពុជាកំពុងអភិវឌ្ឍន៍ ដោយត្រូវបណ្តុះបណ្តាលដើម្បីអភិវឌ្ឍន៍ផង និងជ្រើសរើស​ស្វែងរក​កីឡាករ កីឡាការិនី ដែលខ្លាំងពូកែជាងគេ សម្រាប់ការចូលរួមប្រកួតប្រជែង​មេដាយ​ផង ដូច្នេះ នេះគឺជាការងារដ៏ធ្ងន់ធ្ងរ ដែលត្រូវខិតខំឱ្យអស់ពីលទ្ធភាព។ ក្រៅពីនេះ ដោយសារ​បណ្តាប្រទេសនានា ក្នុងតំបន់ដូចជាប្រទេសថៃ និងប្រទេសសិង្ហបុរី គ្រោងនឹងបញ្ជូនច្រើន​ជាង​គេ នូវកីឡាករ៣០នាក់ កីឡាការិនី ៣០នាក់ និងគ្រូបង្វឹក១០នាក់ សរុប៧០នាក់ ក្នុង១​ក្រុមៗ។ លោកសង្ឃឹមលើកីឡាករ កីឡាការិនីកម្ពុជា ៤នាក់ ដែលរំពឹងថានឹងអាចឈាន​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ បើទោះបីមិនដណ្តើមបានមេដាយមាសក៏ដោយ ក៏ត្រូវធ្វើយ៉ាងណាប្រជែង​យក​​មេដាយសំរឹទ្ធិឱ្យបាន២វិញ្ញាសាដែរ។

សូមបញ្ជាក់ថា ចំពោះអត្តពលិកវ័យក្មេង៤នាក់ដែលកំពុងរីកចម្រើនខ្លាំង គឺកីឡាការិនី សុខ វលក្ខណ៍ កីឡាករខ្មែរ-អាម៉េរិក សុវណ្ណ ម៉ុនត្រូស និងកីឡករ២នាក់កំពុងបង្កើន​ការហ្វឹកហាត់នៅប្រទេសជប៉ុន៕

ដោយ ហេង ណាលីន