ប្រភេទកីឡាសក្តានុពលឈ្នះមេដាយមាសកីឡាអាស៊ីកីឡាម៉ូតូទឹកមិន មាននៅក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីននោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​ — ប្រភេទកីឡាដ៏មានសក្តានុពលធ្លាប់ឈ្នះមេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេស​ឥណ្ឌូណេស៊ី កាលពីចុងឆ្នាំ២០១៨កន្លងទៅនោះ មិនមាននៅប្រភេទកីឡា នេះនៅក្នុង​ព្រឹត្តិ​ការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩នេះឡើយ បន្ទាប់ពីម្ចាស់ផ្ទះហ្វីលីពីន និងគណៈកម្មការរៀបចំស៊ីហ្គេមបានសម្រេចដាក់ប្រភេទកីឡា សម្រាប់ការប្រកួតរួចរាល់ហើយនោះ។

ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់កាលពី​ពេលថ្មីៗ​នេះថា ការប្រកួតកីឡាស៊ីហ្គេម លើក ទី៣០ ឆ្នាំ២០១៩ ដែលប្រទេសហ្វីលីពីន បានកំណត់ ប្រភេទកីឡារួចរាល់ហើយ ប៉ុន្តែមិនមាន កីឡាម៉ូតូទឹកនោះទេ។ ទោះបីមានការអន្ដរាគមន៍ពី​សហព័ន្ធកីឡាម៉ូតូទឹកអាស៊ី ក៏ដូចជាបណ្ដា ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមទាំងកម្ពុជាផង ដោយបានស្នើឱ្យហ្វីលីពីន បញ្ចូល​ប្រភេទកីឡាម៉ូតូទឹកនេះក្ដី ប៉ុន្ដែម្ចាស់ផ្ទះ មិនបាន​ឯកភាពនោះទេ ដោយសារកត្ដាមួយចំនួន ដែលប្រទេសហ្វីលីពីនខ្វះខាត ពិសេស​គឺ​ហេដ្ឋារចនាសម្ព័ន្ធតែម្ដង។ឯកឧត្តម ណុះ ស្លេះ បានបន្ដថា ការខក ខានមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ប្រចាំ តំបន់នេះ គឺជារឿងគួរឱ្យសោកស្ដាយមួយ សម្រាប់គ្រួសារ កីឡាម៉ូតូទឹកកម្ពុជា ស្របពេល កីឡាករម្នាក់ៗសុទ្ធតែមានការតាំងចិត្តរួចជាស្រេច ក្នុងការប្រជែងយកមេដាយជូនជាតិ។ ឯកឧត្តមសង្ឃឹមថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ នឹងមានកីឡា ម៉ូតូទឹកនេះឡើងវិញ មុនពេលដែលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាចូលមកដល់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ គណៈកម្មការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០១៩ ដោយមានប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះបាន​សម្រេចដាក់កីឡាប្រមាណ៥៦​ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែងចុងឆ្នាំនេះ ខណៈកម្ពុជាមិនទាន់បានកំណត់​ច្បាស់លាស់​អំពីប្រភេទកីឡាប៉ុន្មាននោះទេ សម្រាប់បញ្ជូនទៅប្រជែងមេដាយនៅឡើយទេ៕

ដោយ ហេង ណាលីន