ភ្ញៀវទេសចរជាង ១៩ម៉ឺននាក់ មកលេងកម្សាន្ត ” សង្ក្រាន្តសមុទ្រ ” ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមេសា ​ឆ្នាំ២០១៩ -តាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា «សង្ក្រាន្តសមុទ្រ» ឆ្នាំ២០១៩ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូលពុទ្ធសករាជ ២៥៦៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១៩ម៉ឺននាក់ មានការកើនឡើងរហូតជាង ២៦ភាគរយ បើប្រៀបធៀបទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ កន្លងទៅ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ចំនួនភ្ញៀវទេសចមកលេងកម្សាន្តក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកលេង « សង្រ្កាន្តសមុទ្រ» នៅខេត្តព្រះសីហនុ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃ១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ១៩១.៤៨៦នាក់ មានការកើនឡើង ២៦,៩៩ភាគរយ ធៀបនឹងឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៦៤.៩១៣នាក់ កើនឡើង ១៤,៣២ភាគរយ ធៀបនឹងឆ្នាំ២០១៨  និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៥៥៣នាក់ កើនឡើង ១៣៣,៧៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ ។

ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួនសរុប ៧.០០០នាក់ ភ្ញៀវទេសចរជាតិ ១០០នាក់  និងអន្តរជាតិ ៦.៩០០នាក់ ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ សរុប ៦.៧០៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣.២៦១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣.៤៤៤នាក់ ។ ភ្ញៀវទេសចរទៅកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួនសរុប ៩.៣៤៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៦.៩៩១ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២.៣៥៤នាក់ ។ ភ្ញៀវទេសចរកម្សាន្តតាមបណ្តាឆ្នេរនានា មានចំនួនសរុប ១២៧.៦៦៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១២១.២២២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៦.៤៤២នាក់ ។

ការកើនឡើងនូវចំនួនភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធី«សង្ក្រាន្តសមុទ្រ»លើកទី១នៅខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តបានរៀបចំនូវព្រឹត្តិការណ៍ ជាច្រើននៅតាមក្រុង ស្រុក ពិសេសនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត បានធ្វើឱ្យភ្ញៀវទេសចរ មានចំណាប់អារម្មណ៍មកលេងកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព គួបផ្សំនឹងបរិស្ថានល្អ៕

ដោយ ងូ សុមុនី