ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពដើរកម្សាន្ត ធ្វើបុណ្យ ដោយសារប្រទេសមានសុខសន្តិភាព

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃពុធ ១៣កើត ខែចេត្រ ​ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅវត្តយាយទេពស្ថិតក្នុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីស្រង់ទឹកព្រះ ងូតទឹកជូនចាស់ៗ ជាង២៥០នាក់ និងសុំខមាទោសជម្រះទឹកជូនលោកយាយទេព។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមពីព្រះអង្គ ឆន ឆុង ព្រះចៅអធិការវត្តយាយទេព លោក យិន សា វ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីក្នុងសង្កាត់ផ្សារឆ្នាំង ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ពិធីស្រង់ព្រះ ឬពិធីស្រង់ទឹកព្រះ និងពិធីសុំខមាទោសជម្រះទឹកជូនលោកយាយទេព គឺដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងពិធីងូតទឹកជូនចាស់ៗ គឺដើម្បីតបស្នងសងគុណ ដែលគាត់បានបន្សល់ទុកកេរដំណែលវប្បធម៌ពីដូនតាជាច្រើន ជាពិសេសវប្បធម៌សាមគ្គីភាព ឯកភាពជាតិក្នុងបុព្វហេតុដើម្បីសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមអភិបាលខេត្តបានមានបន្តទៀតថា ការងូតទឹកជូនចាស់ៗ គឺដើម្បីជម្រះនូវចិត្តស្មៅហ្មងពីឆ្នាំចាស់ និងនាំយកនូវអំពើល្អព្រមទាំងទឹកចិត្តជ្រះថ្លា សុំពរជ័យ សិរីសួស្ដី    សេចក្តីសុខចម្រើន ដល់កូនចៅ ដើម្បីរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។

នៅក្នុងពិធីនោះដែរ ព្រះអង្គ ឆន ឆុង ព្រះចៅអធិការវត្តយាយទេព ក៏បានរៀបចំអំណោយសម្រាប់ចែកជូនដល់លោកយាយ លោកតា ចំនួន ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និង ថវិកា ផងដែរ ៕

ដោយ សោម ឫទ្ធី