បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃខេត្តសៀមរាប​ទទួលបានភ្ញៀវទេសចរ ប្រមាណជាង៣៧ម៉ឺននាក់

AKP សៀមរាប ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ -លោក ប្រាក់ សោភ័ណ្ឌ ប្រធាន​ស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប​ បាន​ឱ្យ​ដឹងថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តលើកទី១រយៈពេល៣ថ្ងៃ ដើម្បី​អបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺបាន​បញ្ចប់ទៅ​ដោយ​ជោគ​ជ័យ​ ដោយបាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋខ្មែរ និង​ភ្ញៀវទេសចរបរទេស បាន​ចូលរួមសប្បាយរីករាយយ៉ាង​ខ្លាំង។

លោកបាន​បញ្ជាក់ថា បើទោះបីសៀមរាបសង្ក្រាន្ត​មាន​លក្ខណៈតូចជាងអង្គរសង្ក្រាន្ត ហើយមាន​អ្នកចូលរួមតិចជាងក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍មួយនេះ​បាន​នាំមកនូវកម្មវិធីជាច្រើន ដូចជាផ្នែកវប្បធម៌ គឺបាន​រម្លឹក​ឡើង​វិញ​អំពីវប្បធម៌អរិយធម៌ខ្មែរឱ្យកូនចៅខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ បានឃើញថា អរិយធម៌ខ្មែរអស្ចារ្យប៉ុណ្ណា ដោយផ្អែកលើគុណតម្លៃក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទម្លាប់តាម    រយៈការអប់រំ ការចូលរួម និងការកម្សាន្តរីករាយ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីក្នុងនាមជាគ្រួសារខ្មែរ ជាមួយភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយស្មារតីសាមគ្គីភាព ភារតរភាព និងសុខដុមរមនីយកម្ម។

ក្រុមយុវជនខ្មែរដែលបាន​ចូលរួមកម្សាន្តសប្បាយនៅ​ក្នុង​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តលើកទី១នេះ បាន​ថ្លែងស្រដៀងៗគ្នាថា សៀមរាបសង្ក្រាន្ត​បើធៀបទៅនឹងអង្គរសង្ក្រាន្ត គឺមានលក្ខណៈតូចជាងអង្គរសង្ក្រាន្តក៏ពិតមែន ប៉ុន្តែមានការសប្បាយដូចគ្នា ជាពិសេសពេលព្រឹកយើងអាចដើរទស្សនាស្តង់ពិព័រណ៍ ទស្សនាការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខែ្មរ និងការលេងល្បែងប្រជាប្រិយផ្សេងៗ ។ ប៉ុន្តែដល់ពេលរសៀលគឺមកកម្សាន្តនៅក្នុងកម្មវិធី «តោះតោះលេងទឹក» ដែល​កម្មវិធីនេះមាន​ការ​ពេញចិត្តយ៉ាង​ខ្លាំងសម្រាប់អ្នកដែលបាន​ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តលើកទី១នេះ។

ក្រៅពីសៀមរាប​សង្ក្រាន្តនេះ នៅឯក​ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប ក៏មាន​រៀបចំសង្ក្រាន្តដែរ ដែលនៅក្នុងបន្ទាយស្រីសង្ក្រាន្តនេះ ក៏មាន​កម្មវិធីចាប់អារម្មណ៍ជាច្រើន​ផងដែរ ដូចជា ការបង្ហាញស្ករផែនយក្ស មាន​ទម្ងន់ជា១តោន ការយកត្រសក់ផ្អែមជា៦០០ផ្លែ មកតុបតែងបង្ហាញថា ស្រុកបន្ទាយស្រីជាស្រុកមួយរបស់ខេត្តសៀមរាប​ ដែលមាន​កសិកម្មសម្បូរបែប និងកម្មវិធីជិះកង់ធ្លាក់ទឹក រួម​ជាមួយកម្មវិធីកម្សាន្តសប្បាយ​ជាច្រើនទៀត។

សូម​បញ្ជាក់ថា បើតាមរបាយការណ៍របស់​មន្ទីរទេសចរណ៍ចរខេត្តសៀមរាប​ បង្ហាញថា នៅក្នុង​រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៣៧ម៉ឺននាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ៣៥ ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន២៦.៦៦១នាក់។ ចំនួនភ្ញៀវទេសចរនេះ មន្រ្តីជំនាញ​មិនបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះទេ។ គួររម្លឹកថា កាលពី២០១៨ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល គឺមាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមជា១លាននាក់៕

ឃុត សៅ សៀមរាប