“វាលមាសសង្ក្រាន្ត” នៅសាលាស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមេសា ​ឆ្នាំ២០១៩ -លោក ស កក្តដា អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យដឹងថា រដ្ឋបាលស្រុកបានរៀបចំ “វាលមាសសង្ក្រាន្ត ” នៅក្នុងបរិវេណសាលាស្រុកព្រៃនប់ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ និងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនមកលេងកម្សាន្ត ។

លោកបានបន្តថា  “វាលមាសសង្ក្រាន្ត” ចូលឆ្នាំថ្មីនេះ មានកម្មវិធីរាំលេងកម្សាន្ត ជាមួយនឹងការលេងទឹក បាតម្សៅ និងល្បែងប្រជាប្រិយជាច្រើននៅទីតាំង វាលមាសសង្ក្រាន្ត ក្នុងសាលាស្រុកចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង ១១យប់ ដោយក្រុមការងារបានរៀបចំឱ្យយុវជន យុវនារី មហាជនបានចូលលេងកម្សាន្តលេងទឹក បាតម្សៅ និងល្បែងប្រជាប្រិយជាលក្ខណៈប្រមូលផ្តុំ ក្រោមការមើលខុសត្រូវផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ពីកម្លាំងមានសមត្ថកិច្ចរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិភាព ហើយក្នុងនោះក៏មានរៀ៍បចំកម្មវិធីស្រង់ព្រះ បាញ់ទឹកតាម រយៈរថយន្តបង្កលក្ខណៈសប្បាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ។

លោកអភិបាលស្រុកបានបន្តថា អាជ្ញាធរក៏បានធ្វើការហាមឃាត់សកម្មភាពជិះម៉ូតូ ឬ រថ យន្តគប់ទឹក បាតម្សៅ នៅតាមដងផ្លូវសាធារណៈ ដែលជាដើមចមឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការបង្កភាពអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ម្យ៉ាងទៀតការប្រមូលផ្តុំគា្នមក លេងកម្សាន្តនៅ« វាលមាសសង្ក្រាន្ត» អាចជួយកាត់បន្ថយនូវការលេងល្បែងស៊ីសងខុសច្បាប់ផងដែរ ៕

ដោយ ងូ សុមុនី