អភិបាលខេត្ដកំពង់ធំ អញ្ជើញចូលរួមបើកព្រឹត្តិការណ៏សង្រ្កាន្តសំបូរព្រៃគុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

AKP កំពង់ធំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩​  — រដ្ឋបាលខេត្តកំពង់ធំបានរៀបចំបើកព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩នៅបរិវេនរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បី​​អបអរសាទពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពី   ឯកឧត្តម ឈុន ឈន់​ប្រធានក្រុមប្រឹក្សា​ខេត្ត ឯកឧត្តមសុខ លូ អភិបាលខត្តកំពង់ធំ និងលោកជំទាវ។ ពិធីនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ មេសា ឆ្នាំ២០១៩។ ឯកឧត្តម  លូ បានបញ្ជាក់ថា ការរៀបចំព្រឹត្ដិការណ៍នេះ​ក្នុងគោលដៅចង់ទាក់ទាញភ្ញៀវទេស​ចរជាតិ​អន្តរជាតិឱ្យបានកាន់តែស្គាល់បន្ថែមទៀត ប្រាសាទសំបូរព្រៃគុក​ដែលបានដាក់​បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៧កន្លងទៅនេះ។

ឯកឧត្តមអភិបាលខេត្ដបានបន្ដថា បច្ចុប្បន្ននេះ តំបន់ប្រាសាទសំបូរព្រៃគុក​នាំមកនូវ​ចំណូល​សេដ្ឋកិច្ចជូនបងបងប្អូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ហើយឯកឧត្តមសង្ឃឹមថា ក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះប្រាសាទសំបូរព្រៃគុក នឹងជំរុញដល់សេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ កាន់តែមាន​ការលូតលាស់យ៉ាងឆាប់រហ័ស។

ឯកឧត្ដមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុង ខេត្ត​កំពង់ធំ ជាពិសេសប្រជាពលរដ្ឋស្រុកប្រាសាទសំបូរត្រូវចេះរាក់ទាក់ទទួល​ភ្ញៀវទេសចរ​ដែល​មកទស្សនាកម្សាន្តតំបន់ប្រាសាទសំបូរព្រៃគុក។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន  និងចូលរួមថែរក្សាអនាម័យ​បរិស្ថានឱ្យបានល្អនៅពេលមកទស្សនា​កម្សាន្ត​នៅតំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ផ្សេងៗទៀត៕

ដោយ ស៊ុម វណ្ណា