ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ ទើបប្រជាពលរដ្ឋមានសេចក្តីសុខ និងរីករាយធ្វើបុណ្យទាន

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានថ្លែងថា ដោយ សារ​ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនោះទើបប្រជាពល រដ្ឋ​រស់នៅ​មានសេចក្តីសុខ និងសុវត្ថិភាពសប្បាយរីករាយក្នុងការជួបជុំគ្នាធ្វើបុណ្យទាន។ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រីគឺក្នុងពិធីបើកសង្រ្កាន្តប្រាសាទបន្ទាយឆ្មារ និងដង្ហែរពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារ នៅបរិវេណ​ប្រាសាទបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍៩កើតខែចេត្រ ឆ្នាំច សំរឹទ្ធិ ស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៩នេះ។

​ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យឆ្នាំ​ ប្រពៃណីជាតិខ្មែរ តាំងពី​បុរាណមកទល់បច្ចុប្បន្នធ្វើឱ្យប្រជាពលរដ្ឋបានជួបជុំគ្នាមកលេងកន្លែងកម្សាន្តសប្បាយ​រីករាយ នូវព្រឹត្តិការណ៍សង្រ្កាន្តជាមួយនឹងការតាំងពិព័រណ៍ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ ល្បែង ប្រជាប្រិយផ្សេងៗ និងបានយល់ដឹងកាន់តែច្បាស់ ថែមទៀតអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និង​បង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនៃសិល្បៈ វប្បធម៌ និង​អរិយធម៌​​មិនល្អពីបរទេស ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបាន​គូសបញ្ជាក់ទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ឯកភាព​ជាតិតែមួយជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ទើបធ្វើឱ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាព ចូលរួមសង្រ្កាន្តឆ្នាំថ្មីនេះ ជាលើកទី២ នៅប្រាសាទបន្ទាយឆ្មារ សម្រាប់ខេត្តបន្ទាយ​មានជ័យ​ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាតំបន់​រមណីដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​នេះ​បានកាន់តែច្រើនឡើង និងសូមជូនពរបងប្អូនប្រជាពលរដ្ឋ ជួបតែសុខសុវត្ថិភាព សុខ​សប្បាយទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សូមជម្រាបថា ​ព្រឹត្តិការណ៍សង្ក្រាន្ត​ប្រាសាទបន្ទាយឆ្មារ លើកទី​២​ ​​ គឺចាប់ពីថ្ងៃទី១​៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណ​ប្រាសាទបន្ទាយឆ្មារ។ នៅក្នុង​ព្រឹត្តិការណ៍ នេះផងដែរ ក៏មានការរៀបចំដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុក ​ និងមានលេង​ល្បែង​ប្រជាប្រិយ ល្បែងកម្សាន្តផ្សេងៗជាច្រើន ដោយនៅពេលរាត្រី ក៏មានការប្រគំ​តន្ត្រី មាន​ការរៀបចំតែងលម្អភ្លើងពណ៌ នៅតាមស្តង់ និងតាមតំបន់នានា ជាច្រើនទៀត ។

ជាមួយនឹងឱកាសដ៏សប្បាយរីករាយ ពោរពេញដោយសុទ្ធាជ្រះថ្លា និងដើម្បីថែរក្សា​សម្បត្តិវប្បធម៌កេរ្តិ៍ដូនតាឱ្យនៅគង់វង្សផងនោះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក​ជំទាវ ម៉ៅ ម៉ាល័យ បានបរិច្ចាកនូវបច្ច័យវេរប្រគេនចែកជូនរួមមាន បច្ច័យ​បាន​មកពីពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារ២០០.០០០ដុល្លា​រ ឧបត្ថម្ភ​ដល់កងកម្លាំង មន្រ្តីរាជការទូទាំងខេត្តបន្ទាយមានជ័យ និងមនុស្សវ័យចាស់ អាយុ៧០ឆ្នាំឡើង ចំនួន៧០០នាក់ ដោយថវិកាសរុប២៣០លានរៀល និងភេសជ្ជៈ១.០៩៦កេសថែមទៀតផង៕

ដោយ ឈុន សារ៉ាត