សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចប្រារព្ធ​ពិធីបុណ្យតូច​ធំជាច្រើន ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ — ក្នុងខណៈដែលតាមបណ្ដាខេត្តនានាបានរៀបចំសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីនោះ ប្រមុ​ខ​រា​ជរដ្ឋា​ភិ​បាលកម្ពុជា បានបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារ​សន្តិភាព​ទាំ​ង​អស់គ្នា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ ដែលផ្ដល់ឱកាសឱ្យយើង​អាច​ប្រា​រ​ព្ធ​នូវ​ពិធីបុណ្យតូច ធំជាច្រើន​ជាពិសេសដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​នេះជា​ដើម។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបាន សរសេរថា ថ្ងៃនេះគឺជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នៅ​ ម៉ោង១៥:១២នាទីរសៀលនេះយើងនឹងទទួលទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវីដែល​យា​ង​ចុះ​មក​ទទួលអំណរសាទរឆ្នាំថ្មី និងគ្រប់គ្រងចក្រវាលទាំងមូលតពីទេវតាឆ្នាំចាស់។

សម្ដេចតេជោបានបន្ដថា នៅថ្ងៃដំបូង​នេះ​​ផងដែរ ក៏សង្កេតឃើញទិដ្ឋភាពនៃការរៀបចំ​សង្ក្រាន្ត​ទទួលទេវតាឆ្នាំថ្មីតាមបណ្ដាខេត្ត និង​តំបន់ជាច្រើនផងដែរ ដែលធ្វើឱ្យបងប្អូនប្រជាពល​រដ្ឋកម្ពុជា បានទទួលនូវ​ភាពសប្បា​យ​រីក​រា​យ​​ទាំងអស់គ្នាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ​ប្រពៃ​ណីជាតិខ្មែរ។ ជាមួយគ្នានេះដែរ សូមបងប្អូនប្រជាពលរដ្ឋ​ទូ​ទាំ​ងប្រទេសធ្វើដំណើរ​ទៅលេង​ស្រុកកំណើតទាំងទីជិតទីឆ្ងាយ ប្រកបដោយសេចក្តី​សុខ​ស​ប្បា​​យ មុនចេញពីផ្ទះសូម​ពិនិត្យមើលភ្លើងទៀន ភ្លើងធូបឱ្យបានគ្រប់ជ្រុងជ្រោយ ចូលរួម​គោរ​ព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា។

សម្ដេចតេជោបានថ្លែងថា “យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នា ដើម្បីកម្ពុ​ជា​​កាន់តែរីកចម្រើនរុងរឿងទៅមុខ ដែលផ្លល់ឱកាសឱ្យយើងអាចប្រារព្ធនូវពិធីបុណ្យ​តូច​ ធំជា​ច្រើន​ ជាពិសេសដូចជាពិធីបុណ្យចូលឆ្នាំថ្មីសម្ដេចតេជោក៏សូមជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តី​ចម្រើន​ក្នុងឱកា​ស​​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគ្រប់ៗគ្នា៕

ដោយ ជឹម ណារី