នាវាទេសចរណ៍ SEABOURN SOJOURN នាំភ្ញៀវទេសចរប្រមាណជិត ៥០០នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ — នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ SEABOURN SOJOURN បាននាំភ្ញៀវទេស​ចរ​បរទេសចម្រុះជាតិសាសន៍ប្រមាណជិត ៥០០នាក់ មកធ្វើទស្សនកិច្ចនៅព្រះរាជា​ណាចក្រកម្ពុជា តាមច្រកកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព មុននឹង​ចាកចេញទៅកាន់ប្រទេសវៀតណាម។ នាវានេះ បានធ្វើដំណើរចូលមក កាលពីព្រឹកថ្ងៃ សៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩នេះ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ SEABOURN SOJOURN  មានសញ្ជាតិ BAHAMAS បណ្តោយប្រវែង ១៩៨ ម៉ែត្រ ទទឹង២៦ម៉ែត្រ និងជម្រៅទឹក ៦.៤០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស​ចម្រុះជាតិ​សាសន៍មកពីប្រទេស MALAY  ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង​៦ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៩ ។ នាវា SEABOURN SOJOURN មាន​គម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង២០ យប់ថ្ងៃដដែលនេះ។ ជាមួយគ្នានេះដែរ សម្រាប់ភ្ញៀវទេសចរដែលធ្វើ​ដំណើរ​តាមនាវា SEABOURN SOJOURN មានចំនួន ៤១៩នាក់ ស្រី ២១០នាក់ មាន ២១ សញ្ជាតិ  និងមាននាវិកសរុបចំនួន ៣៥៣នាក់ ស្រី ៩៧នាក់ មាន ៤៤សញ្ជាតិ ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទៅទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ផ្សារ ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និងតាមតំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុង​ព្រះសីហនុ។ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រៀមរៀបចំសង្ក្រាន្តសមុទ្រ​នៅឆ្នេរ​ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ខេត្តព្រះ សីហនុ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣  និងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល​មកដល់នាថ្ងៃទី១៤ មេសា ឆ្នាំ២០១៩ ខាងមុខនេះ ៕

ដោយ ងូ សុមុនី