ថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំពិធីសូត្រមន្តអបអរសារទរឆ្នាំថ្មីប្រពៃណីខ្មែរ និងចុះសួរសុខ ទុក្ខ គ្រូពេទ្យ អ្នកជំងឺ កុមារកំព្រា និងជនពិការក្នុងសិប្បកម្មកីតម្បាញ

AKP ព្រះវិហារ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីរាជការក្រោមឱវាទនៃរដ្ឋបាលខេត្តទាំងអស់ បានរៀបចំពិធីសូត្រមន្ត បង្សុកូល និង​រាប់បាតព្រះសង្ឃ ដើម្បីទទួលនូវសិរីសួស្តីវិបុលសុខ និងជោគជ័យជូនដល់ថ្នាល់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅសាលាខេត្តព្រះវិហារ។ បន្ទាប់មក ថ្នាក់ដឹកនាំ និងមន្រ្ដីរាជ​ការ​ខេត្ដក៏បានចុះសួរសុខទុក្ខ គ្រូពេទ្យ អ្នកជំងឺ កុមារកំព្រា និងជនពិការក្នុងសិប្បកម្ម​កីតម្បាញ កាលពីថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ។

ការរៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានការប្រោះព្រំពរ​ជ័យ​ពីព្រះសង្ឃ រាប់បាត បង្សុកូល និងពិធីលោតរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មី ដល់មហាគ្រួសាររដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣នេះ។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជា​ទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយក៏បានបង្ហាញនូវ​ការ​គោរព និងរក្សាទុកដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ថ្នាក់ដឹកនាំខេត្តព្រះ​វិហារ ក៏បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ក្រុម​គ្រួពេទ្យ​នៃមន្ទីរពេទ្យបង្អែក១៦មករា ចែកអំណោយកាកបាទក្រហមកម្ពុជា ជូនអ្នកជំងឺ​ដែល​កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងនៅមជ្ឈមណ្ឌលកុមារកំព្រា និងជនពិការក្នុងសិប្ប​កម្ម​កីតម្បាញសូត្រ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍កអំពាវនាវដល់បងប្អូនទាំងអស់​ធ្វើដំណើរ​សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវចេះអធ្យាស្រ័យគ្នាទៅមក និង សូមប្រុងប្រយ័ត្ន​ចំពោះភ្លើងអគ្គិភ័យពេលដុតធូបទាន កុំដើរចោល ៕

​ដោយ ទិត ស្រ៊